ថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ និងកម្លាំងចម្រុះ ចុះត្រួតពិនិត្យឃ្លាំងស្តុក និងតូបលក់ទំនិញក្នុងក្រុង ខណៈអាជីវកររួមចិត្តគ្នាបង្ហាញស្មារតីស្នេហាជាតិខ្ពស់បំផុត
AKP ឧត្តរមានជ័យ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦-- លោក ហោ ជិនវីរៈយុទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារកម្លាំងចម្រុះ ចុះត្រួតពិនិត្យឃ្លាំងស្តុក និងតូបលក់ទំនិញក្នុងក្រុងសំរោង ដើម្បីការពារផលប្រយោជន៍ សន្តិសុខសេដ្ឋកិច្ច ព្រមទាំងការក្តាប់នូវអារម្មណ៍ពលរដ្ឋ គឺជាកិច្ចការងាររដ្ឋបាលដ៏សំខាន់ចំពោះមុខ។

ក្នុងយុទ្ធនាការចុះត្រួតពិនិត្យជាក់ស្តែងនេះ មានការសម្របសម្រួល និងចូលរួមយ៉ាងពេញលេញពីសំណាក់ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ប្រធានមន្ទីរព័ត៌មានខេត្ត ប្រធានសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ស្នងការរងនគរបាលខេត្ត អធិការរងនគរបាលក្រុងសំរោង កម្លាំងកងរាជអាវុធហត្ថ, អាជ្ញាធរសង្កាត់ ព្រមទាំងមន្ត្រីជំនាញនៃទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្ត។

លោក ហោ ជិនវីរៈយុទ្ធ បានថ្លែងថា ក្រោយកិច្ចប្រជុំ ក្រុមការងារចម្រុះខេត្ត ក្រុង បានចុះត្រួតពិនិត្យផ្ទាល់ដល់ទីតាំងអាជីវកម្មនៅក្នុងតំបន់ទីប្រជុំជននៃក្រុងសំរោង សរុបចំនួន១០ទីតាំង ឆ្លងកាត់ការពិនិត្យទំនិញជាក់ស្ដែង ឃើញថានៅលើទីផ្សារមានផលិតផលរបស់ប្រទេសថៃតែមួយចំនួនតូចប៉ុណ្ណោះ ដែលជាទំនិញនៅសេសសល់តិចតួចបំផុត មាន ប្រេងឆា ថ្នាំដុសធ្មេញសាប៊ូ និងទឹកថ្នាំលាងកញ្ចក់។

លោកបន្តថាតាមរយៈការសាកសួរពួកគាត់ និងការណែនាំរបស់ក្រុមការងារ បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់បានបង្ហាញការយល់ដឹងខ្ពស់ និងបានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមគ្នាលុបបំបាត់ កាត់បន្ថយ និងឈប់លក់ផលិតផលនាំចូលពីប្រទេសថៃទាំងអស់នេះ។

លោកបានបន្ថែមទៀតថា ការសម្រេចចិត្តដោយស្ម័គ្រចិត្តនេះធ្វើឡើងដោយសារក្តីរំជួលចិត្ត និងភាពជូរចត់នៃសង្គ្រាមឈ្លានពានរបស់ទាហានថៃ មកលើបន្ទាត់ព្រំដែនកម្ពុជានាពេលកន្លងមក ដែលបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងបេះដូងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបយ៉ាងខ្លាំង។ ហេតុនេះធ្វើឱ្យបងប្អូនអាជីវករក្នុងក្រុងសំរោង បានស្តែងចេញនូវស្មារតីស្នេហាជាតិ និងមនសិការជាតិខ្ពស់ ដោយបានចូលរួមសហការយ៉ាងពេញទំហឹងជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការគាំទ្រវិធានការរដ្ឋបាលខេត្ត ក្រុង ដើម្បីឆ្លើយតបទៅនឹងស្ថានភាពព្រំដែនបច្ចុប្បន្ន ប្រកបដោយសាមគ្គីភាពជាធ្លុងមួយ៕
ដោយ ទិត ស្រ៊





