បណ្ឌិត អ៊ុម រម្យណី៖ ឧបករណ៍ស្តង់ដារសេវាអប្បបរមា គឺជាម៉ែត្រវាស់ដ៏សំខាន់ ដើម្បីរកឱ្យឃើញថាសាលារៀននីមួយៗកំពុងស្ថិតនៅកម្រិតណានៃស្តង់ដារ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា ឧបករណ៍ស្តង់ដារសេវាអប្បបរមា គឺជាម៉ែត្រវាស់ដ៏សំខាន់ ដើម្បីរកឱ្យឃើញថាសាលារៀននីមួយៗកំពុងស្ថិតនៅកម្រិតណានៃស្តង់ដារ។ ការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការយ៉ាងដូច្នេះ ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ឯកសារស្តង់ដារសេវាអប្បបរមានៅមធ្យមសិក្សាទុតិយភូមិ និងការអនុវត្តសាកល្បងតាមសាលារៀន» ក្រោមការគាំទ្រពីគម្រោង STEP UP នៅវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានសម្ដែងការកោតសរសើរ និងរីករាយយ៉ាងក្រៃលែងចំពោះអង្គសិក្ខាសាលាទាំងមូលដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបានតាមវត្ថុបំណង ពោលគឺសិក្ខាសាលារយៈពេល ៣ថ្ងៃនេះ បានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈនិងបានបន្ថែមថា ឯកសារព្រាង «ក្របខណ្ឌស្ដង់ដារអប្បបរមានៅមធ្យមសិក្សាទុតិយភូមិ» និង «ឧបករណ៍ស្តង់ដារសេវាអប្បបរមា» ត្រូវបានកែសម្រួលឱ្យកាន់តែមានភាពសុក្រឹត ជាក់ស្ដែងនិយម និងមានសូចនាករច្បាស់លាស់ ដែលអាចយកទៅប្រើប្រាស់ជាឧបករណ៍គតិយុត្តដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់គុណភាពអប់រំនៅមធ្យមសិក្សាទុតិយភូមិឱ្យស្របតាមស្តង់ដារជាតិ។

បើតាម លោក ជា វុធ ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ឯកសារស្តង់ដារសេវាអប្បបរមានៅមធ្យមសិក្សាទុតិយភូមិ និងការអនុវត្តសាកល្បងតាមសាលារៀន» នៅខេត្តកំពង់ឆ្នាំងរយៈពេល៣ថ្ងៃកន្លងមកនេះ គឺប្រព្រឹត្តទៅដោយជោគជ័យ។ លោកបានលើកឡើងពីទិសដៅសកម្មភាពបន្តចំនួន៤ រួមមាន៖ ១. បញ្ចប់ការងារឯកសារផ្លូវការ៖ បញ្ចប់ការកែសម្រួលទាំងស្រុងលើឯកសារ «ក្របខណ្ឌស្តង់ដារអប្បបរមានៅមធ្យមសិក្សាទុតិយភូមិ» និង «ឧបករណ៍ស្តង់ដារសេវាអប្បបរមា» ២. គោរពស្នើសុំការអនុម័ត៖ រៀបចំឯកសារគោរពជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យ និងសម្រេច ៣. រៀបចំសិក្ខាសាលាផ្សព្វផ្សាយ៖ រៀបចំសិក្ខាសាលាផ្សព្វផ្សាយនៅតាមបណ្ដាខេត្តចំនួន២ ដោយមានការអញ្ជើញចូលរួមពីសិក្ខាកាមមកពីគ្រប់រាជធានី-ខេត្ត និង៤. ចុះអនុវត្តការវាស់វែងជាក់ស្ដែង៖ ចុះវាយតម្លៃ និងវាស់វែងដោយប្រើប្រាស់ «ឧបករណ៍ស្តង់ដារសេវាអប្បបរមា» នៅតាមវិទ្យាល័យធនធានទាំង៥០៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





