កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្តគន្លងអប់រំថ្មីនៅតាមគ្រឹះស្ថានសិក្សា ឆ្នាំសិក្សា២០២៥-២០២៦
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ជា កុសល រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាពការងារការអនុវត្តគន្លងអប់រំថ្មីនៅតាមគ្រឹះស្ថានសិក្សា ឆ្នាំសិក្សា២០២៥-២០២៦ ដើម្បី៖ ១. ពិនិត្យវឌ្ឍនភាពការងារអនុវត្តគន្លងអប់រំថ្មីនៅក្នុងឆមាសទី១ ឆ្នាំសិក្សា២០២៥-២០២៦។ ២. ការពិនិត្យលើខ្លឹមសាររបាយការណ៍ស្ដីពីវឌ្ឍនភាពការអនុវត្តគន្លងអប់រំថ្មីនៅតាមគ្រឹះស្ថានសិក្សា ក្នុងឆមាសទី១ ឆ្នាំសិក្សា២០២៥-២០២៦ សម្រាប់គោរពជម្រាបជូន សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង៣. ពិភាក្សាលើកទិសដៅការងារបន្ត។

អង្គប្រជុំបានស្ដាប់បទបង្ហាញស្ដីពីវឌ្ឍនភាពការអនុវត្តគន្លងអប់រំថ្មី និងបានពិភាក្សាយ៉ាងល្អិតល្អន់មួយចំណុចម្ដងៗ ក្នុងសេចក្ដីព្រាងរបាយការណ៍អំពីសកម្មភាព និងវឌ្ឍនភាពការងារ ដែលជាឧត្តមានុវត្តន៍ ជាបទពិសោធន៍ មេរៀនពិសោធន៍ដែលបានអនុវត្ត និងពិភាក្សាចែករំលែកជាទស្សនាទាន ជាយោបល់ សម្រាប់ជាអន្តរាគមន៍ក្នុងការដោះស្រាយបញ្ហាដែលបានជួបប្រទះក្នុងពេលអនុវត្ត ដើម្បីជាធាតុចូលក្នុងរបាយការណ៍វឌ្ឍនភាព។ បន្ថែមលើនេះ អង្គប្រជុំក៏បានពិភាក្សាបន្ថែមលើចំណុចមួយចំនួនទៀត ដូចជាការត្រៀមខ្លួនសម្រាប់ការអនុវត្តបន្ត (ផែនការសកម្មភាព និងចំណុចអាទិភាពដែលគាំទ្រ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវការអនុវត្តគន្លងអប់រំថ្មី) ការស្នើថវិកាគាំទ្រសម្រាប់ការអនុវត្តគន្លងវិជ្ជាជីវៈនៅគ្រឹះស្ថានសិក្សាគោលដៅ និងការរៀបចំការកំណត់តម្រូវការជំនាញបន្ថែមជាអាទិភាពតាមវិស័យចំនួន ២១ សម្រាប់រៀបចំជាឧបករណ៍សិក្សាស្រាវជ្រាវក្នុងតម្រូវការពង្រីកជំនាញ និងពង្រីកវិសាលភាពនៅឆ្នាំសិក្សាបន្តបន្ទាប់។

សូមជម្រាបថា នៅក្នុងចំណុចនៃការរៀបចំផែនការការងារទិសដៅបន្ត កិច្ចប្រជុំបានពិភាក្សាផ្ដោតលើចំណុចគន្លឹះជាអាទិភាពដូចជា ការអនុវត្តគន្លងអប់រំថ្មីនៅតាមគ្រឹះស្ថានសិក្សា ការតម្រង់ទិសការសិក្សាចាប់ពីថ្នាក់ទី៧ ការអនុវត្តការបែងចែកគន្លងអប់រំថ្មីចាប់ពីថ្នាក់ទី១០ ការធ្វើបច្ចុប្បន្នកម្មកម្មវិធីផ្ដល់ប្រឹក្សាអេឡិចត្រូនិក ការបង្កើត និងពង្រឹងការអនុវត្តកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្ម ការធ្វើយុទ្ធនាការជំរុញការសិក្សាតាមគន្លងអប់រំថ្មី ការធ្វើការសិក្សាស្រាវជ្រាវអំពីការអនុវត្តគន្លងអប់រំថ្មី (ការសិក្សាពីស្ថានភាពសិស្សក្រោយបញ្ចប់ការសិក្សា និងការសិក្សាវាយតម្លៃកម្មវិធីសិក្សាដែលបានអនុវត្ត) ការអភិវឌ្ឍកម្មវិធីសិក្សា និងសៀវភៅសិក្សាការអនុវត្តកម្មសិក្សាសិស្សគន្លងវិជ្ជាជីវៈ ការរៀបចំ និងអភិវឌ្ឍសមត្ថភាពគ្រូគន្លងវិជ្ជាជីវៈជាដើម៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





