អភិបាលខេត្តតាកែវអំពាវនាវដល់ប្រជាពលរដ្ឋ រួសរាន់នាំសត្វពាហនៈរបស់ខ្លួន មកចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងជំងឺអុតក្ដាម
AKP តាកែវ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុកបូរីជលសារ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់ថ្នាំបង្ការ (វ៉ាក់សាំង)ជំងឺសារទឹក និងជំងឺអុតក្ដាម លើសត្វគោ-ក្របី របស់បងប្អូនប្រជាពលរដ្ឋនៅស្រុកបូរីជលសារ។ពិធីនេះរៀបចំឡើងនៅឃុំគោកពោធិ៍ស្រុកបូរីជលសារខេត្តតាកែវ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។

មានប្រសាសន៍ណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានធ្វើការអំពាវនាវ និងណែនាំដល់ប្រជាពលរដ្ឋ ដែលមានមុខរបរចិញ្ចឹមសត្វគោ-ក្របីទាំងអស់ សូមរួសរាន់នាំសត្វពាហនៈរបស់ខ្លួន មកទទួលសេវាចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងជំងឺអុតក្ដាម ដែលយុទ្ធនាការនេះត្រូវបានរៀបចំឡើងដោយមន្ត្រីជំនាញបសុពេទ្យ និងផ្តល់ជូនដោយឥតគិតថ្លៃ។

ឯកឧត្តម វ៉ី សំណាង ក៏បានក្រើនរំលឹកផងដែរថា ខណៈពេលនេះជារដូវវស្សាដែលមានភ្លៀងធ្លាក់និងមានទឹកជំនន់ឡើង ដូច្នេះសូមបងប្អូនប្រជាកសិករ មេត្តាយកចិត្តទុកដាក់ជម្លៀសឬនាំសត្វគោ-ក្របីរបស់ខ្លួន ទៅកាន់ទីទួលមានសុវត្ថិភាព។ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ក៏ដូចជាកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺដង្កាត់នានាផងដែរ។

បើតាមការបញ្ជាក់ពីលោក អ៊ីង សុភិន អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ បានឱ្យដឹងថា កាលពីឆ្នាំកន្លងទៅ ធ្លាប់មានករណីផ្ទុះជំងឺអុតក្ដាមនិងជំងឺសារទឹក លើសត្វគោ-ក្របី របស់ប្រជាកសិករ។ដូច្នេះដើម្បីទប់ស្កាត់និងការពារកុំឱ្យមានការឆ្លងរាលដាលជាថ្មី ទើបមន្ទីរជំនាញសហការជាមួយអាជ្ញាធរខេត្ត បើកយុទ្ធនាការទ្រង់ទ្រាយធំនេះឡើង។

លោក អ៊ីង សុភិន បានបន្ថែមថា នៅក្នុងការបើកយុទ្ធនាការនាព្រឹកនេះ មន្ត្រីជំនាញបានធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺសារទឹក និងជំងឺអុតក្ដាម ដល់សត្វគោចំនួន២៣៤ក្បាល និងសត្វក្របីចំនួន២១៥ក្បាល របស់ប្រជាពលរដ្ឋនៅក្នុងស្រុកបូរីជលសារ។ ព្រមជាមួយគ្នានេះដែរ វាក៏ជាសញ្ញានៃការប្រកាសបើកយុទ្ធនាការចាក់ថ្នាំបង្ការស្រដៀងគ្នានេះ នៅតាមបណ្តាក្រុង-ស្រុកផ្សេងៗទៀតនៅទូទាំងខេត្តតាកែវផងដែរ៕
ដោយ អ៊ុច សៀង





