ប្រតិភូខេត្តបន្ទាយមានជ័យ អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរជនពលីនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16៖ «ការចងចាំ និងដឹងគុណ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ជំនាន់»
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦--ស្មារតីនៃការលះបង់ដ៏ខ្ពង់ខ្ពស់របស់វីរយុទ្ធជន វីរយុទ្ធនារី និងបុព្វបុរសខ្មែរ ក្នុងការសង្គ្រោះជាតិ និងការពារបូរណភាពទឹកដី នៅតែជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍ និងសន្តិភាពនាពេលបច្ចុប្បន្ន។ ជាការឆ្លុះបញ្ចាំងពីសេចក្តីដឹងគុណដ៏ជ្រាលជ្រៅនេះ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនដល់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា វីរកងទ័ព វីរនគរបាលជាតិ វីរកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។ ពិធីនេះត្រូវបានប្រារព្ធឡើងនៅមហាចេតិយ នៃតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការដឹកនាំដោយ លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្ដម ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្ដម ប្លែក វ៉ាវី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមអមដំណើរដោយមន្រ្តីរាជការនៃខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងនូវប្រសាសន៍ចំណាប់អារម្មណ៍ប្រកបដោយអត្ថន័យស៊ីជម្រៅថាការមកកាន់តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នាថ្ងៃនេះ មិនត្រឹមតែជាការបំពេញកាតព្វកិច្ចផ្លូវការនោះទេ ប៉ុន្តែ វាគឺជាការឆ្លុះបញ្ចាំងពីបេះដូង និងមនសិការដឹងគុណរបស់រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យទាំងមូលផ្ញើជូនចំពោះវីរជនពលីគ្រប់រូប។ ប្រវត្តិសាស្ត្រថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺជាចំណុចរបត់ជីវិតរបស់ប្រទេសជាតិទាំងមូល ដែលសម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើជាដើមទុនទៅស្វែងរកការគាំទ្រ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍។ សន្តិភាព និងការរីកចម្រើនដែលយើងមាននៅថ្ងៃនេះ គឺបានមកពីការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរជនគ្រប់ជំនាន់ ដូច្នេះ ការចងចាំ និងដឹងគុណ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់រូប ដើម្បីរួមគ្នាថែរក្សាសន្តិភាពនេះឱ្យនៅគង់វង្សជាអមតៈ»។

សូមបញ្ជាក់ផងដែរថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនកម្ពុជា–វៀតណាម។ ទីតាំងនេះជាកន្លែងប្រវត្តិសាស្ត្រដ៏សំខាន់ ដែលត្រូវបានបង្កើតឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលជាថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន និងសហការី បានសម្រេចចិត្តឆ្លងកាត់ព្រំដែនឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីបង្កើតចលនាតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជារួចផុតពីរបបខ្មែរក្រហម។

បច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល តំបន់ព្រំដែនដែលធ្លាប់តែជាសមរភូមិសង្រ្គាមមួយនេះ ត្រូវបានអភិវឌ្ឍទៅជាតំបន់អនុស្សាវរីយ៍ប្រវត្តិសាស្ត្រដ៏ស្រស់បំព្រង ដោយមានការសាងសង់មហាចេតិយ សាលាសំណាក់ វេទិកាពិធី ស្រះទឹក និងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ដែលមិនត្រឹមតែជាកន្លែងគោរពវិញ្ញាណក្ខន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់យុវជនជំនាន់ក្រោយបានសិក្សាស្វែងយល់ទៀតផង៕

ដោយ៖ ឈុន សារ៉ាត





