ពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយសហមេត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD)
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស និងមេដាយសហមេត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦។ សូមជម្រាបថា ថ្នាក់ដឹកនាំ និងមន្ត្រីនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដែលត្រូវបំពាក់គ្រឿងឥស្សរិយយស និងមេដាយសហមេត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺរួមមាន ១-គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោកស្រី Sandrine BOUCHER នាយិកានៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ២-មេដាយសហមេត្រី ថ្នាក់ធិបឌិន្ទ ជូនលោក Emmauel DOLLFUS នាយករងនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ និងលោកស្រី Alexia HOFMANN មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំទីស្នាក់ការកណ្តាលនៅទីក្រុងប៉ារីស។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ការបំពាក់គ្រឿងឥស្សរិយយស និងមេដាយជូនថ្នាក់ដឹកនាំ និងមន្ត្រីឆ្នើមនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍នាថ្ងៃនេះ គឺជាការទទួលស្គាល់ចំពោះភាពជាអ្នកដឹកនាំដ៏ល្អឥតខ្ចោះ ការលះបង់ ការគាំទ្រ និងការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ព្រមទាំងការបន្តពង្រឹង និងពង្រីកកនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សំខាន់ៗ ដែលបង្កើនសន្តិសុខទឹក ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាជនកម្ពុជា។ លើសពីនេះ ក៏ឆ្លុះបញ្ចាំងពីការកោតសរសើរយ៉ាងជ្រាលជ្រៅរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះការរួមចំណែកក្នុងការបន្តពង្រឹង និងពង្រីកនូវភាពជាដៃគូ និងមិត្តភាពរវាងប្រទេសកម្ពុជា និងបារាំងផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសំខាន់របស់ទីភ្នាក់បារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងការគ្រប់គ្រងធនធានទឹក ភាពធន់នឹងអាកាសធាតុ កសិកម្ម ការការពារបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការគាំទ្រគំនិតផ្តួចផ្តើមសំខាន់ៗដូចជាគម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាព និងភាពធន់ (CAISAR) កម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មនៅកម្ពុជា (WAT4CAM) គម្រោងស្តារ និងគ្រប់គ្រងអាងទឹកស្ទឹងស្វាយចេកជាដើម៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





