មន្ទីរកិច្ចការនារីខេត្តកំពង់ធំរៀបចំបើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីយេនឌ័រ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី នៅឃុំទីពោ ស្រុកសន្ទុក
AKP កំពង់ធំ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦--មន្ទីរកិច្ចការនារីខេត្តកំពង់ធំ សហការជាមួយគម្រោង QSA កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានបេីកវគ្គអប់រំផ្សព្វផ្សាយ ស្ដីពីយេនឌ័រ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី នៅឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំក្រោមវត្តមានលោកស្រី ស៊ូ ផារិន អនុប្រធានមន្ទីរកិច្ចការនារី និងដោយមានអញ្ជើញចូលរួមពីមន្រ្តីមន្ទីរកិច្ចការនារីខេត្ត មន្រ្តីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកសន្ទុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋក្នុងឃុំសរុបចំនួន ៧៨នាក់ (ស្រី ៦០នាក់)។

លោកស្រី ស៊ូ ផារិន បានលើកឡើងថា ការបើកវគ្គអប់រំផ្សព្វផ្សាយនេះ គឺដើម្បីបង្កើនការយល់ដឹងដល់បងប្អូនក្នុងគ្រួសារ និងសហគមន៍ឱ្យយល់ដឹងអំពីការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច តាមរយៈការផ្តល់ចំណេះដឹង ជំនាញ ដែលទុនទាំងនេះអាចធ្វើឱ្យស្ត្រីអាចរកប្រាក់ចំណូលបានដោយខ្លួនឯងនឹងអាចធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។ លោកស្រីអនុប្រធានមន្ទីរ បានបន្ថែមទៀតថា កាលពីជំនាន់មុន ស្ត្រីមួយចំនួនពុំមានសិទ្ធិក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងគ្រួសារ និងសង្គមជាតិ ដូចជាការសិក្សារៀនសូត្រមិនបានវែងឆ្ងាយ ពុំបានចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍន៍សង្គមទេ ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដល់ស្ត្រី និងកុមារីឱ្យទទួលបាននូវឱកាសស្មើគ្នាជាមួយនឹងបុរសក្នុងការសិក្សារៀនសូត្រ ការទទួលខុសត្រូវក្នុងគ្រួសារ និងសង្គមជាតិ។ ជាក់ស្តែងរដ្ឋាភិបាលកម្ពុជា មានយុទ្ធសាស្ត្រ និងគោលដៅជាច្រើនក្នុងការផ្តល់ចំណេះដឹង ជំនាញបច្ចេកទេសផ្សេងៗដល់យុវជនយុវតី និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងគ្រួសាររបស់ពួកគាត់។

លោកស្រីក៏បានបញ្រ្ជាបនូវច្បាប់ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងលើកទឹកចិត្តដល់ស្រ្តីមានផ្ទៃពោះត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពម្តាយ និងទារក ហើយបញ្ហាស្លាប់កើត និងកើតស្លាប់របស់ទារកមានការកើនឡើងក្នុងឆ្នាំ២០២៥ ដូច្នេះដើម្បីកាត់បន្ថយអត្រាស្លាប់កើត និងកើតស្លាប់របស់ទារកនេះ លោកស្រីអនុប្រធានបានជំរុញឱ្យស្រ្តីដែលមានផ្ទៃពោះទាំងអស់ទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការណាត់ជួបរបស់គ្រូពេទ្យ ហើយសូមឱ្យអាណាព្យាបាលដែលមានកូនគ្រប់អាយុ ១៨ឆ្នាំ ទៅចុះឈ្មោះបោះឆ្នោត និងទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតផងដែរ ដើម្បីមានសិទ្ធបោះឆ្នោតក្នុងឆ្នាំ២០២៧ ខាងមុខនេះ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលល្អនៅឃុំសង្កាត់ និងបោះឆ្នោតរើសថ្នាក់ដឹកនាំប្រទេស ឬតំណាងរាស្ត្រក្នុងឆ្នាំ២០២៨។

លោកស្រីអនុប្រធានមន្ទីរបានផ្ដាំផ្ញើដល់អាណាព្យាបាលអ្នកដែលថែទាំអប់រំកូនចៅទាំងអស់ចូលរួមជំរុញកូនស្រីឱ្យបានរៀនមានសិទ្ធិស្មើនឹងកូនប្រុស និងជំរុញឱ្យស្ត្រីចូលរួមប្រើប្រាស់ផលិតផលខ្មែរ៕
ដោយ៖ ស៊ុម វណ្ណា





