ធនាគារជាតិនៃកម្ពុជា និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត
AKPភ្នំពេញថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៦– ធនាគារជាតិនៃកម្ពុជា និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការរៀបចំពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់។

ធនាគារជាតិនៃកម្ពុជា និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications បានសហការរៀបចំពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី-បុគ្គលិកនៃស្ថាប័នទាំងពីរ តំណាងក្រសួង-ស្ថាប័ន អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងភាគីពាក់ព័ន្ធ សរុបជាង ៤០០រូប។

យុទ្ធនាការនេះមានគោលបំណងលុបបំបាត់ស៊ីមកាតគ្មានអត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ និងកំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារ សំដៅការពារសុវត្ថិភាពឌីជីថលរបស់ប្រជាពលរដ្ឋ និងកាត់ផ្តាច់ឫសគល់នៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។

តាមរយៈគំនិតផ្តួចផ្តើមនេះ ប្រជាពលរដ្ឋអាចផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតក្នុងកម្មវិធី SIM Verifier Mini App ដែលមាននៅក្នុងកម្មវិធី DG SuperApp ដែលបានតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ គំនិតផ្តួចផ្តើមនេះក៏នឹងរួមចំណែក ក្នុងការជំរុញការធ្វើបរិវត្តកម្ម និងនវានុវត្តន៍ឌីជីថលនៅក្នុងវិស័យទូរគមនាគមន៍ និងវិស័យធនាគារ ដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជាផងដែរ៕

ដោយ៖ ចរិយា ប្រភព៖ CDC





