ឯកឧត្តមអភិបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលថវិកា ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ពីបណ្តាមន្ទីរ-អង្គភាព និងកងកម្លាំងជុំវិញខេត្ត
AKP កំពង់ស្ពឺ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគ ល់-ទទួលថវិកា ទិវាពិភពលោកកាកបាទ ក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំ កង ហ៊ាង នៃអគាររដ្ឋបាលខេត្ត។

ថវិកាដែលបានប្រគល់ និងទទួលនាឱកាសនេះ គឺជាការចូលរួមចំណែកយ៉ាងថ្លៃថ្លាពីបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនទាំងអស់ ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ទាំងថវិកានិងសម្ភារ ក្នុងការគាំទ្រដល់សកម្មភាពជួយសង្គ្រោះពលរដ្ឋ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងចាត់ចែងប្រើប្រាស់ថវិកាទាំងនេះឱ្យចំគោលដៅ ប្រកបដោយតម្លាភាព ដើម្បីឆ្លើយតប និងជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ជាពិសេសអ្នកដែលរងគ្រោះដោយគ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗក្នុងខេត្តឱ្យបានទាន់ពេលវេលា។

ឯកឧត្តមបណ្ឌិតប្រធាន បានបន្តទៀតថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺ «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារ ដោយយើងមិនបានដឹង និងមិនបានជួយនោះឡើយ»។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ក៏បានជំរុញនិងលើកទឹកចិត្តដល់ក្រុមការងារសាខា អនុសាខា កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីក្តាប់ឱ្យបានជាប់រាល់ព័ត៌មាន និងស្ថានភាពលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ធ្វើយ៉ាងណាអាចចុះជួយអន្តរាគមន៍ និងនាំយកអំណោយសង្គ្រោះទៅចែកជូនពួកគាត់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ៖ ម៉ែន ប៊ុនធីម





