ខេត្តបន្ទាយមានជ័យប្តេជ្ញាខ្ពស់៖ រដ្ឋ និងឯកជន ចាប់ដៃគ្នាពង្រីកបណ្តាញទឹកស្អាតដល់ពលរដ្ឋឱ្យបានទូលំទូលាយ
AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦--ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រដ្ឋបាលថ្នាក់ក្រោមជាតិខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្ររួមគ្នាក្នុងការបង្កើនលទ្ធភាពទទួលបានសេវាទឹកស្អាតឱ្យបានកាន់តែទូលំទូលាយ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំ «ដឹ វ៉ាយ ផាលេស រីសត» ក្រុងសិរីសោភ័ណ ក្រោមអធិបតីភាព ឯកឧត្តម តន់ សុជាអគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម ពិន សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករទឹកស្អាតឯកជនទូទាំងខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម តន់ សុជា បានគូសបញ្ជាក់ពីសមិទ្ធផលរួមដែលសម្រេចបានកន្លងមកថា ទិន្នន័យរួមត្រឹមបំណាច់ឆ្នាំ២០២៥ ចំនួនខ្នងផ្ទះដែលបានតភ្ជាប់ជាមួយនឹងបណ្ដាញទឹកស្អាតនេះគឺមានប្រមាណជាង ១លាន ៦សែនតំណ ដែលស្មើនឹងប្រមាណ ៤៥% នៃចំនួនសរុប។ ឯកឧត្តមបានចាត់ទុកតួលេខនេះថាជាការចាប់ផ្តើមដ៏ល្អ ប៉ុន្តែនៅតែបន្តជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះមិនត្រឹមតែផ្តោតលើការបង្ហាញទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាសម្រាប់ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែង។ គោលបំណងចម្បងនៃកិច្ចពិគ្រោះយោបល់នេះ រួមមានការពង្រឹងកិច្ចសហការ កសាងស្ពានទំនាក់ទំនងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ដើម្បីដោះស្រាយឧបសគ្គក្នុងការអនុវត្តគម្រោង។ ការពិនិត្យលើទិដ្ឋភាពច្បាប់ និងតួនាទី កំណត់ឱ្យបានច្បាស់លាស់នូវតួនាទីរបស់អាជ្ញាធរដែនដីក្នុងការជួយសម្រួលដល់ប្រតិបត្តិករឯកជន។ ការធានា ប្រសិទ្ធភាព និងនិរន្តរភាពដាក់ចេញនូវយន្តការត្រួតពិនិត្យ និងលើកកម្ពស់គុណភាពសេវា ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព។
ឯកឧត្តមអគ្គនាយកបានសង្កត់ធ្ងន់ថា «ទឹកស្អាត គឺជាកត្តាចាំបាច់សម្រាប់ជីវភាព និងសុខុមាលភាពរបស់ប្រជាជនគ្រប់រូប»។ ដូច្នេះ ការពង្រីកបណ្តាញទឹកស្អាតមិនមែនគ្រាន់តែជាការវិនិយោគសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបំពេញកាតព្វកិច្ចមនុស្សធម៌ និងសង្គមដ៏សំខាន់។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងដោយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបន្ទាយមានជ័យ សហការជាមួយសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការ Water.org ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់រដ្ឋ និងដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ស្តង់ដាររស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យឱ្យកាន់តែប្រសើរឡើង៕
ដោយ ឈុន សារ៉ាត





