រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយផែនការជាតិ និងគោលនយោបាយពិការភាពជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព
AKP កំពង់ធំ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ គោលនយោបាយផែនការជាតិ និងបទបញ្ជានានា ពាក់ព័ន្ធនឹងវិស័យពិការភាព ក្រោមអធិបតីភាព លោក ជា ប៊ុនហេង អគ្គនាយករងនៃក្រសួងមហាផ្ទៃ និងលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ដោយមានការចូលរួមពីតំណាងកងកម្លាំងប្រដាប់អាវុធទាំង៣ គណៈអភិបាលក្រុង-ស្រុកទាំង៩ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជុំវិញខេត្ត ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធ សិទ្ធិនិងសុខុមាលភាពរបស់ជនមានពិការភាពឱ្យកាន់តែមានប្រសិទ្ធភាព។ ការរៀបចំសិក្ខាសាលានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងការអនុវត្ត

គោលនយោបាយបរិយាបន្ន និងធានាឱ្យជនមានពិការភាពទទួលបានសិទ្ធិ ឱកាស និងការចូលរួមស្មើភាពក្នុងសង្គម។
លោក ជា វ៉ាន់ចាន់ បានលើកឡើងថា រដ្ឋបាលខេត្តបានយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាព តាមរយៈកម្មវិធីកាត់បន្ថយភាពក្រីក្រ បង្កើនឱកាសការងារ និងជំរុញការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏ផ្តោតលើការផ្តល់សេវាសុខភាពប្រកបដោយគុណភាព ការស្តារលទ្ធភាពពលកម្ម និងការពង្រឹងកិច្ចការពារផ្នែកយុត្តិធម៌ ដើម្បីទប់ស្កាត់ការរើសអើង ការរំលោភបំពាន និងការកេងប្រវ័ញ្ចលើជនមានពិការភាព ស្របតាមគោលការណ៍បរិយាបន្ន និងសិទ្ធិស្មើភាពក្នុងសង្គម។

ក្នុងឱកាសនោះ លោក ជា ប៊ុនហេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យពិការភាពជាការងារអាទិភាពមួយ ដោយដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រ និងគោលនយោបាយជាតិ តាមរយៈការពង្រឹងកិច្ចគាំពារសង្គម និងការលើកកម្ពស់សិទ្ធិជនមានពិការភាព។ លោកបានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ត្រូវបានរៀបចំឡើងជាមូលដ្ឋានសម្រាប់ការអនុវត្ត តាមដាន និងវាយតម្លៃការងារ ដើម្បីធានាប្រសិទ្ធភាពក្នុងការលើកកម្ពស់សុខុមាលភាពជនមានពិការភាព។

លោកក៏បានជំរុញឱ្យសិក្ខាកាម និងភាគីពាក់ព័ន្ធ បង្កើនការយល់ដឹង និងសមត្ថភាពអនុវត្តន៍ផែនការយុទ្ធសាស្ត្រជាតិ និងបទដ្ឋានបច្ចេកទេសនានា ព្រមទាំងបន្តផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ ដើម្បីជំរុញការចូលរួមអនុវត្តន៍ការងារពិការភាពឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាសិទ្ធិ សមភាព និងផលប្រយោជន៍របស់ជនមានពិការភាព៕
ដោយ ស៊ុម វណ្ណា





