ស្ត្រីសម្រាលកូនភ្លោះ៣នាក់ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ!
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦--លោកជំទាវ ឈឹម សុធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រចេះ និងសហការី នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះសួសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា របស់សាខាខេត្តក្រចេះ ជូនដល់គ្រួសារអ្នកស្រី ថាន់ ស្រីនិច ដែលសម្រាលបានកូនភ្លោះប្រុសចំនួន ៣នាក់ ហើយមានជីវភាពខ្វះខាតស្នាក់នៅផ្ទះជាមួយម្តាយ នៅភូមិវត្ត ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ ។

ក្នុងឱកាសនោះ លោកជំទាវ ក៏បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីស្រឡាញ់នឹករលឹកក្រៃលែង ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាពីសំណាក់ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលតែងតែគិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្អូនស្រីដែលជួបការលំបាក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

លោកជំទាវ ក៏បានផ្តាំផ្ញើរដល់ប្អូនស្រីជាម្តាយត្រូវទៅពិនិត្យ សុខភាពក្រោយពេលសម្រាលទាំងម្តាយ ទាំងកូន យកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១មុខ តាមពេលវេលាកំណត់ ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូនរហូត ដល់កូនមានអាយុ២ឆ្នាំ។ ព្យាយាមបំបៅកូនដោយទឹកដោះម្តាយរហូតដល់ទារកមានអាយុ ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ បបរខាប់គ្រប់គ្រឿង។ ត្រូវប្រញ៉ាប់យកកូនទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញ សញ្ញាគ្រោះថ្នាក់ ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺផ្សេងៗទៀត ដើម្បីពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីពេទ្យឱ្យបានត្រឹមត្រូវ ប្រសិនបើទារកមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ។

អំណោយរួមមាន ៖ អង្ករ៥០គីឡូក្រាម សារុង១ មុង១ ភួយ១ ក្រមា១ មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ម៉ាស១ប្រអប់ អាវយឺត៣ និងថវិកា ២០០.០០០ រៀល ។ ក្រៅពីនេះអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបានឧបត្ថម្ភបន្ថែមចំនួន ២០០.០០០ រៀល រួមនិងលោក កៅ រឿង មេឃុំកោះច្រែងចំនួន ៥០.០០០ រៀល ៕

ដោយ៖ ពេជ្រ សំអឿន, (ប្រភព៖កាកបាទក្រហមកម្ពុជា)





