រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា ដោយសេចក្តីកតញ្ញូយ៉ាងជ្រាលជ្រៅ
AKPបន្ទាយមានជ័យថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៦--នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នាសាលប្រជុំ «ក» សាលាខេត្តបន្ទា យមានជ័យ បានប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅជាផ្លូវការនៅថ្ងៃទី១៨ ខែមិថុ នា ឆ្នាំ២០២៦។

ពិធីដ៏មហានក្ខត្តឫក្សនេះ បានប្រព្រឹត្ត ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, លោកជំទាវ នួម សុភ័ណ អនុប្រ ធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត, ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ព្រមទាំង លោកជំទាវ ជ័យ ណារី អ៊ុ រាត្រី។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហម និងតាជីយាយជីយ៉ាងច្រើនកុះករ។

ក្នុងឱកាសដ៏មហាជ័យមង្គលនេះ ឯកឧត្តម អ៊ុ រាត្រីបានតំណាងឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ថ្លែងនូវប្រសាសន៍លំអោនកាយវាចាចិត្ត ថ្វាយព្រះសព្ទសាធុការពរជ័យចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ យ៉ាងដូច្នេះថាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ សូមលំអោនកាយសម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រ ការ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួត ជារៀងរហូតទៅ។

ឯកឧត្តម បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រោះព្រំថ្វាយព្រះពរជ័យថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ឱ្យបានសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្រៅពីកិច្ចសាសនានិមន្តព្រះសង្ឃសូត្រពុទ្ធជ័យមង្គលថ្វាយព្រះពររួចមក ក្នុងស្មារតីមនុស្សធម៌ដែលជាបេសកកម្មចម្បងរបស់កាកបាទក្រហមកម្ពុជា អង្គពិធីក៏បានចែកអំណោយជូនដល់យាយជី-តាជីចំនួន ២០នាក់ និងគ្រួសារមានជីវភាពខ្វះខាតចំនួន ៣៦គ្រួសារ ដើម្បីចូលរួមចែករំលែកសេចក្តីសុខក្នុងឱកាសដ៏ថ្លៃថ្លានេះផងដែរ៕

ដោយ៖ ឈុនសារ៉ាត





