ថ្ងៃនេះ តាមបណ្ដាខេត្ដ -រាជធានី អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី៥០ភាគរយ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦--តាមបណ្តាខេត្ត- រាជធានី អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី៥០% ។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ។
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ៖ សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើ ព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦៖ ១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់ បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តបន្ទាយ មានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី៥០%។ ២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៤០%។

៣-តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើ ផ្ទៃដី ៣៥%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

ដោយ៖ សួស សំរិត





