ការស្ទង់មតិជាតិស្តីពីសុខភាពគ្រួសារលើកទី៦ របស់ប្រទេសឥណ្ឌា (NFHS-6)
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦–
ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីពីការចេញផ្សាយលទ្ធផលនៃការស្ទង់មតិជាតិស្តីពីសុខភាពគ្រួសារលើកទី៦ (NFHS-6) និងវឌ្ឍនភាពក្នុងវិស័យសុខាភិបាលរបស់ប្រទេសឥណ្ឌា។
នៅក្នុងឱកាសថ្លែងទៅកាន់អ្នកសារពត៌មាន ឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីត្លុង (Mr. Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗដែលឥណ្ឌាសម្រេចបានក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ លើវិស័យសុខភាពសាធារណៈ បរិយាបន្នឌីជីថល និងគំនិតផ្តួចផ្តើមលើកកម្ពស់សិទ្ធិអំណាចស្ត្រី។ តាមរយៈបទបង្ហាញ ឯកឧត្តមបានរំលេចថា អភិបាលកិច្ចផ្អែកលើទិន្នន័យ (Data-driven governance) របស់ឥណ្ឌា បានបង្កើតជាចំណុចរបត់ និងជោគជ័យយ៉ាងសំខាន់ក្នុងដំណើរអភិវឌ្ឍន៍សុខភាពសាធារណៈ។ ការស្ទង់មតិនេះបានគ្របដណ្តប់លើគ្រួសារជិត ៦៧៩,០០០ គ្រួសារ និងស្ត្រីជាង ៧០០,០០០ នាក់ នៅទូទាំង ៧១៥ ស្រុកក្នុងផ្ទៃប្រទេស ដែលផ្តល់នូវទិន្នន័យស៊ីជម្រៅ និងមានតម្លៃលើវិស័យគន្លឹះៗ រួមមាន៖ សុខភាពមាតានិងទារក អាហារូបត្ថម្ភ បន្តពូជ ការរៀបចំផែនការគ្រួសារ ការចាក់ថ្នាំបង្ការ រោគវិនិច្ឆ័យជំងឺមិនឆ្លង និងការលើកកម្ពស់សិទ្ធិអំណាចស្ត្រីជាដើម។
ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ជោគជ័យរបស់ឥណ្ឌាក្នុងការពង្រីកវិសាលភាពធានារ៉ាប់រងសុខភាព បានកើនឡើងជាង ១២ដង ដែលនេះឆ្លុះបញ្ចាំងពីភាពជោគជ័យនៃគំនិតផ្តួចផ្តើមដឹកនាំដោយរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងកិច្ចការពារហិរញ្ញវត្ថុក្នុងប្រព័ន្ធថែទាំសុខភាព។ បន្ថែមលើនេះ ឥណ្ឌាបានកែលម្អលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់រហូតដល់ ៩៦.៥% ខណៈដែលការគ្របដណ្តប់នៃធានារ៉ាប់រងសុខភាពបានកើនឡើងយ៉ាងគំហុករហូតដល់ ៦០.២%។ ការទទួលបានទឹកស្អាតប្រើប្រាស់បានប្រែក្លាយទៅជាប្រព័ន្ធសកល ពោលគឺបានកើនឡើងពី ៨៧.៦% ក្នុងឆ្នាំ២០០៥-០៦ ដល់ ៩៦.៥% ក្នុងឆ្នាំ២០២៣-២៤ ដែលបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានលើការផ្តល់សេវាសាធារណៈ។
ឯកឧត្តមក៏បានលើកឡើងផងដែរថា ផ្នែកថែទាំសុខភាពមាតាសម្រេចបាន ៩០.៦% នៃការសម្រាលកូននៅតាមមូលដ្ឋានសុខាភិបាល (Institutional deliveries) និង ៩៥.៩% នៃការពិនិត្យសុខភាពមុនសម្រាល (Antenatal care) ដែលជាគំរូជាក់ស្តែងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធសុខភាពសាធារណៈក្នុងកម្រិតថវិកាសន្សំសំចៃ។ ឯកឧត្តមក៏បានកោតសរសើរចំពោះតួនាទីយ៉ាងសំខាន់របស់ «មជ្ឈមណ្ឌលសុខភាព និងសុខុមាលភាព» ចំនួន ១៨៧,០០០ កន្លែង និង «សកម្មជនសុខភាពសហគមន៍» (ASHA) ជាង ១.០៣ លាននាក់ ក្នុងដំណើរការជាប្រវត្តិសាស្ត្រនេះ។
ចំណុចផ្តោតសំខាន់មួយទៀតនៃសន្និសីទនេះ គឺការកាត់បន្ថយគម្លាតយេនឌ័រផ្នែកឌីជីថល និងហិរញ្ញវត្ថុយ៉ាងឆាប់រហ័ស។ ឯកអគ្គរដ្ឋទូតបានពន្យល់ថា គោលនយោបាយឌីជីថលចំគោលដៅ បានជម្រុញឱ្យស្ត្រីមានគណនីធនាគារផ្ទាល់ខ្លួនកើនឡើងពី ១៥% រហូតដល់ ៨៩% ព្រមទាំងបានធ្វើឱ្យអក្ខរកម្មអ៊ីនធឺណិតរបស់ស្ត្រីកើនឡើងទ្វេដងរហូតដល់ ៦៤.៣% ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះ ឥណ្ឌាក៏សម្រេចបាននូវការចាក់វ៉ាក់សាំងការពារពេញលេញរហូតដល់ ៨៧.១% ហើយការទទួលថ្នាំបង្ការនៅតាមមូលដ្ឋានសុខភាពសាធារណៈបានកើនឡើងដល់ ៩៥.៦% ដែលបង្ហាញពីទំនុកចិត្តខ្ពស់របស់សហគមន៍មកលើប្រព័ន្ធសុខភាពសាធារណៈ។
សន្និសីទសារព័ត៌មានស្តីពី NFHS-6 និងការវិវឌ្ឍក្នុងវិស័យសុខាភិបាលនៅឥណ្ឌា បានបង្ហាញពីភស្តុតាងនៃការកែលម្អគួរឱ្យកត់សម្គាល់លើស្តង់ដាររស់នៅ លទ្ធភាពទទួលបានសេវាថែទាំសុខភាព សុខភាពមាតានិងទារក បរិយាបន្នហិរញ្ញវត្ថុ ការផ្តល់អំណាចផ្នែកឌីជីថល និងសិទ្ធិស្វយ័តរបស់ស្ត្រីក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ វាក៏បានបង្ហាញពីភាពច្បាស់លាស់ថា ប្រទេសឥណ្ឌាបានពង្រឹងសមារហរណកម្មប្រជាសាស្ត្ររបស់ខ្លួនយ៉ាងរឹងមាំ ខណៈពេលដែលកំពុងឈានចូលដំណាក់កាលថ្មីមួយ ដែលផ្តោតខ្លាំងលើគុណភាពនៃការថែទាំសុខភាព លទ្ធផលអាហារូបត្ថម្ភ ព្រមទាំងការបង្ការ និងការគ្រប់គ្រងជំងឺដែលបង្កឡើងដោយរបៀបរបបរស់នៅ (Lifestyle-related diseases)។
ការស្ទង់មតិជាតិទ្រង់ទ្រាយធំ ដូចជាការស្ទង់មតិជាតិស្តីពីសុខភាពគ្រួសារ (NFHS) នេះ មានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានសម្រាប់រៀបចំគោលនយោបាយ និងការធ្វើផែនការ តាមរយៈការជួយកំណត់អត្តសញ្ញាណទាន់ពេលវេលានូវបញ្ហាប្រឈមនានាដែលកំពុងកើតមាន ការវាយតម្លៃលើផលប៉ះពាល់នៃអន្តរាគមន៍ និងការតាមដានសូចនាករសង្គម ប្រជាសាស្ត្រ និងសុខភាពសំខាន់ៗនៅទូទាំងប្រទេស។ ជារួម លទ្ធផលទាំងនេះបានបញ្ជាក់សាជាថ្មីអំពីវឌ្ឍនភាពដ៏ថេររបស់ឥណ្ឌាក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ ជាមួយនឹងការបន្តផ្តោតលើសហការអន្តរវិស័យ ការពង្រឹងការផ្តល់សេវារហូតដល់មូលដ្ឋានដាច់ស្រយាល និងការអភិវឌ្ឍបរិយាបន្ន ឥណ្ឌានឹងមានលទ្ធភាពខ្ពស់ក្នុងការរក្សាសមិទ្ធផលទាំងនេះ ព្រមទាំងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនបន្ថែមទៀត។
ជាទីបញ្ចប់ ស្ថានទូតឥណ្ឌាបានបញ្ចប់សន្និសីទសារព័ត៌មាន ដោយបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយព្រះរាជាណាចក្រកម្ពុជាលើវិស័យចម្រុះជាច្រើន៕

ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា





