លេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន បើកកិច្ចប្រជុំតម្រង់ទិសការងារ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦-- លោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការ អ.ន.ក. វិស័យព័ត៌មាន នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសការងាររបស់លេខាធិការដ្ឋាន អ.ន.ក. វិស័យព័ត៌មាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំព្រះវិហារ នាទីស្ដីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន សមាជិក សមាជិកា និងក្រុមការងារជំនាញចំណុះលេខាធិការដ្ឋានជាច្រើនរូប។


នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ អង្គពិធីទាំងមូលបានផ្តោតការពិភាក្សា និងពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់លើរបៀបវារៈសំខាន់ៗចំនួន ៣ រួមមាន៖
១. ការកំណត់និងបែងចែកតួនាទីភារកិច្ច៖ អង្គប្រជុំបានធ្វើការពិភាក្សាលើការកំណត់ និងបែងចែកតួនាទី ទទួលខុសត្រូវ ភារកិច្ចជាក់ស្តែងដល់អនុប្រធាន សមាជិក សមាជិកា ព្រមទាំងក្រុមការងារជំនាញចំណុះឱ្យលេខាធិការដ្ឋាន ក្នុងន័យពង្រឹងប្រសិទ្ធភាពការងារ និងធានាបាននូវការអនុវត្តន៍ការងារប្រកបដោយភាពរលូន។
២-ការផ្ទៀងផ្ទាត់និងធ្វើបច្ចុប្បន្នភាពទិន្នន័យ៖ ក្រុមការងារបានពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យយ៉ាងលម្អិត និងធ្វើបច្ចុប្បន្នភាពសមាជិកភាព ដើម្បីគ្រប់គ្រងរចនាសម្ព័ន្ធផ្ទៃក្នុងឱ្យមានភាពច្បាស់លាស់ និងទំនើបកម្ម។
៣. ផែនការចុះសួរសុខទុក្ខនិវត្តជន៖ អង្គប្រជុំក៏បានលើកយកផែនការសកម្មភាពមនុស្សធម៌ ក្នុងការចុះសួរសុខទុក្ខអតីតមន្ត្រីរាជការដែលជាខេមរនិវត្តជននៅតាមខ្នងផ្ទះ ដើម្បីបង្ហាញពីការគិតគូរ យកចិត្តទុកដាក់ និងដឹងគុណចំពោះការលះបង់របស់រៀមច្បងជំនាន់មុន។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសការងារប្រកបដោយភាពស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់ ដោយទទួលបានធាតុចូល និងទិសដៅការងារច្បាស់លាស់ សម្រាប់លេខាធិការដ្ឋាន អ.ន.ក. វិស័យព័ត៌មាន យកទៅបន្តអនុវត្តឱ្យសម្រេចបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ទៀត៕
ដោយ ទូច វលក័្ខណ





