ក្រុមហ៊ុន Visa ធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦–
ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ បានប្រកាសអំពីការបន្តការធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់នៅកម្ពុជា ដើម្បីធានាថាក្របខ័ណ្ឌផែនទីសុវត្ថិភាពដែលដាក់ចេញទៅបន្តឆ្លើយតបទៅនឹងបរិបទទីផ្សារ ជាពិសេសការរក្សាសុវត្ថិភាពនៃប្រព័ន្ធអេកូឡូស៊ីរបស់ប្រព័ន្ធទូទាត់នៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់។

ខណៈពេលដែលការទូទាត់ឌីជីថលនៅកម្ពុជាកំពុងមានការលូតលាស់យ៉ាងលឿន ទីផ្សារកម្ពុជាកំពុងឈានដល់ចំណុចរបត់ដ៏សំខាន់មួយ ដែលការលូតលាស់យូរអង្វែងប្រកបដោយចីរភាពនាពេលអនាគតនឹងត្រូវពឹងផ្អែកកាន់តែខ្លាំងលើ ការកសាងទំនុកចិត្ត សុវត្ថិភាព និងភាពធន់ នៃប្រព័ន្ធអេកូឡូស៊ីទាំងមូល។
ផែនទីសុវត្ថិភាព (Roadmap) ដែលបានធ្វើបច្ចុប្បន្នភាពសារជាថ្មី ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ជំហានបន្ទាប់នេះដោយធានាថានៅពេលប្រព័ន្ធទូទាត់ឌីជីថលពង្រីកខ្លួន ការប្រើប្រាស់របស់អតិថិជន ក៏ដូចជាអាជីវកម្ម នឹងប្រព្រឹត្តទៅដោយសុវត្ថិភាព រលូន និងមានភាពជឿជាក់។
បរិយាកាសរបស់ប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជាបន្តវិវត្តយ៉ាងឆាប់រហ័សជាមួយនឹងការទូទាត់ប្រាក់តាមទូរស័ព្ទ ការទូទាត់តាម QR កូដ ពាណិជ្ជកម្មអេឡិចត្រូនិក និងការតភ្ជាប់ការទូទាត់ឆ្លងប្រទេស ដែលការផ្លាស់ប្តូររទាំងនេះកំពុងផ្លាស់ប្តូររបៀបដែលអ្នកប្រើប្រាស់ និងអាជីវកម្មធ្វើប្រតិបត្តិការ។ ខណៈពេលដែលបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍កំពុងពង្រីកវិសាលភាព និងជំរុញបរិយាបន្ន វាក៏កំពុងតែបង្កើតហានិភ័យនៃការក្លែងបន្លំឱ្យកាន់តែស្មុគស្មាញនិងទ្រង់ទ្រាយធំជាងមុន។
នៅក្នុងបរិបទនេះ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពមិនត្រឹមតែជាខែលការពារទៀតនោះទេ ប៉ុន្តែវាគឺជាកាតាលីករស្នូលក្នុងការជំរុញពាណិជ្ជកម្មឌីជីថល ការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងវឌ្ឍនភាពសេដ្ឋកិច្ចផងដែរ។
ផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់នេះ ត្រូវបានដាក់ឱ្យដំណើរការជាលើកដំបូង នៅក្នុងឆ្នាំ២០១៩ និងបានបន្តធ្វើបច្ចុប្បន្នភាពនៅឆ្នាំ២០២២ហើយឆ្នាំនេះគឺជាការកែសម្រួលចុងក្រោយ ដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន Visa ក្នុងការសហការជាមួយធនាគារ ពាណិជ្ជករ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និយតករ និងដៃគូក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីពង្រឹងសុវត្ថិភាពប្រព័ន្ធទូទាត់ គាំទ្រភាពច្នៃប្រឌិត និងបង្កើនភាពធន់ក្នុងទីផ្សារ។

លោក Abdul Rahim, Head of Risk, Regional Southeast Asia, Visa មានប្រសាសន៍ថា៖ “ទិដ្ឋភាពនៃប្រព័ន្ធទូទាត់ប្រាក់នៅកម្ពុជា កំពុងឈានចូលដល់ដំណាក់កាលមួយដែលកាន់តែស្មុគស្មាញ និងទាមទារឲ្យមានទំនុកចិត្តរបស់អ្នកប្រើប្រាស់ នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការ រាប់តាំងពីការផ្ទៀងផ្ទាត់អត្តសញ្ញណ ការការពារទិន្នន័យ រហូតដល់ភាពធន់នៃប្រព័ន្ធទាំងមូល។ នៅក្រុមហ៊ុន Visa គឺយើងសំខាន់ក្នុងការជួយដល់ដៃគូរបស់យើង ដើម្បីបង្ការ និងគ្រប់គ្រងហានិភ័យនានាដែលកំពុងកើតមាន ព្រមទាំងបន្តផ្តល់ជូននូវបទពិសោធទូទាត់ប្រកបដោយភាពច្នៃប្រឌិត។ ការធ្វើបច្ចុប្បន្នភាពនៃផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់កម្ពុជាដែលបានធ្វើបច្ចុប្បន្នភាពនេះ ផ្តល់នូវក្របខ័ណ្ឌជាក់ស្តែងសម្រាប់កិច្ចសហការក្នុងប្រព័ន្ធអេកូឡូស៊ីទាំងមូល ដែលអនុញ្ញាតឱ្យធនាគារ ពាណិជ្ជករ ក្រុមហ៊ុនហិរញ្ញបច្ចេកវិទ្យា (Fintech) និងនិយតករ អាចពង្រឹងសុវត្ថិភាព ព្រមទាំងគាំទ្រដល់ការច្នៃប្រឌិតថ្មីៗក្នុងទ្រង់ទ្រាយធំ”។
ផែនទីសុវត្ថិភាពនេះ ឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តដ៏ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយរបស់ក្រុមហ៊ុន Visa នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈគំរូសុវត្ថិភាពពហុស្រទាប់ផ្អែកលើទិន្នន័យ (Data-driven) ដែលជួយកាត់បន្ថយហានិភ័យនៃការក្លែងបន្លំ បង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងធ្វើឲ្យបទពិសោធន៍ទូទាត់កាន់តែរលូន។
តាមរយៈការបញ្ចូលប្រព័ន្ធសុវត្ថិភាពទៅក្នុងគ្រប់ដំណាក់កាលនៃប្រតិបត្តិការ ក្រុមហ៊ុន Visa កំពុងជួយដៃគូរីកចំរើន ព្រមទាំងការពារទំនុកចិត្ត ដោយគិតគូរលើការប្រែប្រួលនៃបរិការណ៍គំរាមកំហែងឥតឈប់ឈរ ផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់នៅកម្ពុជា (Cambodia Payment Security Roadmap) ដែលបានធ្វើបច្ចុប្បន្នភាពនេះ បានផ្តោតលើចំនុចគន្លឹះចំនួនប្រាំសំខាន់ៗ រួមមាន៖ ១) ការផ្លាស់ប្តូរការផ្ទៀងផ្ទាត់ SMS OTP ទៅជាការផ្ទៀងផ្ទាត់ដែលមានសុវត្ថិភាពជាងមុន ២) ការវាយតម្លៃឥរិយាបថតាមអ៊ីនធឺណិតប្រចាំឆ្នាំ (Annual Cyber Posture Assessment) ៣) ការពង្រឹងសមត្ថភាពគ្រប់គ្រងហានិភ័យប្រឆាំងនឹងហានិភ័យដែលជំរុញដោយបញ្ញាសិប្បនិម្មិត ៤) ការត្រៀមលក្ខណៈសម្រាប់បច្ចេកវិទ្យាគ្រីពតូក្រាហ្វី Quantum (Post-Quantum Cryptography) ៥) ការធានាភាពសុចរិតភាពនៃដំណើរការប្រតិបត្តិការ និងភាពធន់នៃប្រព័ន្ធអាទិភាពទាំងនេះ បានឆ្លុះបញ្ចាំងពីការគិតគូរវែងឆ្ងាយ ក្នុងការធានាសុវត្ថិភាពប្រព័ន្ធអេកូឡូស៊ី តាមរយៈការដោះស្រាយទាំងហានិភ័យពេលបច្ចុប្បន្ន និងអនាគត រាប់តាំងពីការក្លែងបន្លំដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) រហូតដល់បញ្ហាប្រឈមនៃកូដនីយកម្ម (Encryption) ដែលអាចកើតមាននាពេលខាងមុខ។

សេចក្តីប្រកាសថ្ងៃនេះ ជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ក្រុមហ៊ុនVisa ក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ។ តាមរយៈគំនិតផ្តួចផ្តើមដូចជាការបង្កើត “វេទិកាគ្រប់គ្រងហានិភ័យនៅកម្ពុជា” ក្រុមហ៊ុន Visa នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលផ្តុំភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីពង្រឹងភាពធន់ជារួម។
ការពិភាក្សាទាំងនេះបានសង្កត់ធ្ងន់ថាការគ្រប់គ្រងហានិភ័យ មិនត្រឹមតែជាវិធានការការពារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាជំរុញយុទ្ធសាស្ត្រសម្រាប់ការធានានូវកំណើនប្រកបដោយចីរភាព និងបន្តបង្កើនទំនុកចិត្ត។
តាមរយៈការធ្វើការសម្របសម្រួលភាគីពាក់ព័ន្ធសំខាន់ៗ ផែនទីសុវត្ថិភាពមួយនេះបានក្លាយជាគំរូគោល អនុញ្ញាតឲ្យយើងអាចកំណត់របៀបវារៈរួម សម្រាប់បេសកកម្មការពារ និងពង្រើងសុវត្ថិភាពរបស់ប្រព័ន្ធអេកូឡូស៊ីទូទាត់ឌីជីថលរបស់កម្ពុជា។ វាបានគូសបញ្ជាក់ថា ការរក្សាទំនុកចិត្តលើការទូទាត់ឌីជីថល គឺជាការទទួលខុសត្រូវរួម ដែលទាមទារកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នហិរញ្ញវត្ថុ ពាណិជ្ជករ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងនិយតករ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីទាំងមូល។
ក្នុងបរិបទដែលសេដ្ឋកិច្ចឌីជីថលកម្ពុជាកំពុងបន្តរីកចម្រើន ការរក្សាទំនុកចិត្តគឺជាគន្លឹះសំខាន់ដើម្បីដោះសោសក្តានុពលទាំងស្រុង។ ផ្អែកលើផែនទីសុវត្ថិភាពដែលបានធ្វើបច្ចុប្បន្នភាពថ្មីនេះ ក្រុមហ៊ុន Visa មានគោលបំណងជួយជ្រោមជ្រែងដល់ប្រព័ន្ធអេកូឡូស៊ី ក្នុងការគ្រប់គ្រងហានិភ័យនានាដែលកំពុងប្រែប្រួលនាពេលបច្ចុប្បន្ន ព្រមទាំងត្រៀមលក្ខណៈសម្រាប់ថ្ងៃអនាគត ដើម្បីធានាថា សុវត្ថិភាព និងនវានុវត្តន៍អាចដើរទន្ទឹមគ្នា ដើម្បីជំរុញកំណើនរយៈពេលវែងប្រកបដោយបរិយាបន្ន៕
ដោយ ផែន រតនៈ





