រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ប្រធាន គ.ប.ឆ.ប. បើកកិច្ចប្រជុំរួមគ្នាដើម្បីពង្រឹងវិធានការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
AKPភ្នំពេញថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦–
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បើកកិច្ចប្រជុំដើម្បីពង្រឹងវិធានការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្រសួងយុត្តិធម៌បានឱ្យដឹងថាក្នុងកិច្ចប្រជុំដែលបានរៀបចំឡើងនាថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៦នេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើការអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីការអនុវត្តច្បាប់ជាក់ស្តែង និង បញ្ហាប្រឈមចំពោះមុខក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

ប្រភពនេះបានបន្តឱ្យដឹងថាក្នុងកិច្ចប្រជុំនេះក៏បានបង្ហាញការតាំងចិត្តរួមគ្នាដាក់ចេញនូវដំណោះស្រាយ និង វិធានការចាំបាច់នានា ក្នុងការពង្រឹងវិធានការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព នៅតាមសាលាជម្រះក្តី និង អង្គការអយ្យការអមសាលាជម្រះក្តី សំដៅធានាឱ្យបាននូវភាពជោគជ័យក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីកម្ពុជា និង ទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មក្នុងទ្រង់ទ្រាយធំវិលត្រឡប់មកកម្ពុជាវិញ៕

ដោយ៖ មករា





