ឯកឧត្តម ឆាយ ឫទ្ធិសែន និងក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ១ខ្សែ និងទស្សនកិច្ចសហគមន៍កន្ទ្រាំងបល្ល័ង្ករស្មីស្ដ្រីសាមគ្គី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយក្រុមការងារ នារសៀលថ្ងៃអង្គារទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ ជាផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) មានប្រវែង ៣,៣៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិស្រិតកើត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ទៅកាន់ភូមិស្វាយស ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ផ្លូវនេះបានចាប់ផ្ដើមសាងសង់នៅខែមករា ឆ្នាំ២០២៦ សម្រេចវឌ្ឍនភាព ៩០% គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ដែលអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) ហិរញ្ញប្បទានពីធនាគារពិភពលោក (WB)។ ផ្លូវនេះបាន និងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស។


ឯកឧត្តមរដ្ឋមន្ដ្រី និងក្រុមការងារក៏បានអញ្ជើញធ្វើទស្សនកិច្ចការអភិវឌ្ឍន៍នានានៅក្នុងសហគមន៍កន្ទ្រាំងបល្ល័ង្ករស្មីស្ដ្រីសាមគ្គី ស្ថិតនៅក្នុងភូមិបត់ដង្កោ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងជ្រើសរើសជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៦។សហគមន៍កន្ទ្រាំងបល្ល័ង្ករស្មីស្ដ្រីសាមគ្គី ត្រូវបានទទួលស្គាល់ក្នុងឆ្នាំ២០១៤ បច្ចុប្បន្នសហគមន៍នេះមានសមាជិកសរុបចំនួន ២៩១គ្រួសារ ស្មើនឹង ៧៦១នាក់ មកពីភូមិចំនួន ១៦ភូមិ នៃឃុំ សង្កាត់ចំនួន ៥ ផ្សេងគ្នា។ សហគមន៍នេះ មានផ្ទៃដីដាំដុះសរុប ១៧,៦០ហិកតា ដោយមានការដាំដុះបន្លែជាច្រើនប្រភេទ រួមទាំងបន្លែស្លឹក បន្លែមើម បន្លែដើម និងបន្លែផ្លែ ដោយប្រើប្រាស់បច្ចេកទេសដាំដុះនៅក្នុងផ្ទះសំណាញ់ និងនៅទីវាល ដែលអាចផ្គត់ផ្គង់ទិន្នផលទៅកាន់ទីផ្សារបានចន្លោះពី ១,៥តោន ទៅ ៣តោន ក្នុង១ថ្ងៃ។ ក្រៅពីនោះ សហគមន៍បាននិងកំពុងបង្កើតជាខ្សែចង្វាក់ផលិតកម្មផ្សេងទៀត ដោយការចិញ្ចឹមមាន់ ការផលិតនិងលក់ជីធម្មជាតិ ព្រមទាំងមានការចងក្រងជាឥណទានសាច់ប្រាក់ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រធានសហគមន៍ ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបជូនអំពីការជួយអន្ដរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យមានការអភិវឌ្ឍន៍នៅតំបន់ជនបទ ដោយបច្ចុប្បន្នក្រសួងចំនួន ៣ រួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ,ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បាន និងកំពុងសហការគ្នាជាសហថាមពល ដែលហៅកាត់ថាក្រុមការងារ “ត្រី-វិស័យ” ធ្វើការជំរុញ និងអភិវឌ្ឍសហគមន៍នៅតំបន់ជនបទឱ្យមានការរីកចម្រើនកាន់តែឆាប់រហ័ស។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានស្វែងយល់អំពីតម្រូវការចាំបាច់នៅក្នុងសហគមន៍ដូចជា បង្គន់អនាម័យ និងការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងសហគមន៍ និងតម្រូវការនានាផ្សេងទៀតឱ្យសហគមន៍មានការរីកចម្រើនបន្ថែមទៀតផងដែរ៕

ដោយ ពេជ្រ សំអឿន (ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





