ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៨២គ្រួសារនៅកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះបានដឹកនាំក្រុមការងារ និងអាជ្ញាធរខេត្តចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន១៨២គ្រួសារនៅក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលរងគ្រោះដោយឧបទ្ទវហេតុខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងជំនួបសំណេះសំណាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងការសោកស្តាយចំពោះការប៉ះពាល់ និងខូចខាតផ្ទះសម្បែងដោយបាតុភូតធម្មជាតិខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ។ការប៉ះពាល់និងបាត់បង់ផ្ទះសម្បែងគឺពិតជាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅរបស់បងប្អូន ពិសេសគឺមិនអាចចេញទៅរកស៊ីទទួលទានសម្រាប់ផ្គត់ផ្គង់គ្រួសារបាន។


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបន្តថា ក្រោយទទួលដំណឹងពីផលប៉ះពាល់នៃខ្យល់កន្ត្រាក់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានណែនាំដល់ក្រុមការងារពិសេសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺឱ្យចុះបន្ទាន់ ដើម្បីពិនិត្យនិងដោះស្រាយសម្រាលការលំបាកក្នុងការរស់នៅ និងបន្តជួយជួសជុលផ្ទះសម្បែងជូនពួកគាត់។ទន្ទឹមនឹងនេះ សម្តេចក៏បានផ្តល់ជាអំណោយសង្គ្រោះបន្ទាន់ ដែលមានជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដើម្បីដោះស្រាយការលំបាកចំពោះមុខផងដែរ។

ជាមួយនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានណែនាំ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះឧបទ្ទវហេតុនៃគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ។ហើយចំពោះអំណោយដែលបានផ្តល់ជូននាពេលនេះ វាពិតជាមិនគ្រប់គ្រាន់ និងអាចផ្គត់ផ្គត់ជីវភាពបានយូរអង្វែងនោះទេ តែវាបានសម្រាលតម្រូវការបានរយៈពេលខ្លីប៉ុណ្ណោះទំរាំបងប្អូនអាចចេញទៅរកទទួលទានបាន៕
ដោយ ម៉ែន ប៊ុនធីម





