ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះសហរដ្ឋអាម៉េរិក គឺជាដៃគូដ៏មានសារៈសំខាន់ក្នុងដំណើរអភិវឌ្ឍន៍របស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធពិព័រណ៍សារមន្ទីរស្ថាបនិក សេរីភាព ២៥០ ដើម្បីអបអរសាទរខួប ២៥០ឆ្នាំរបស់សហរដ្ឋអាម៉េរិក ដែលបានរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី លោក Benjamin Chiang ភារធារីប្រចាំស្ថានទូតអាម៉េរិក តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រឹះស្ថានសិក្សា និងភ្ញៀវកិត្តិយសរបស់ស្ថានទូត ប្រមាណ ៧០រូប នៅមជ្ឈមណ្ឌល AmCam Exchange ដែលមានទីតាំងស្ថិតនៅផ្សារទំនើប Exchange Sqaure។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានកត់សម្គាល់ថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកសហរដ្ឋអាម៉េរិក គឺជាដៃគូដ៏មានសារៈសំខាន់ក្នុងដំណើរអភិវឌ្ឍន៍របស់កម្ពុជា។ ការគាំទ្ររបស់សហរដ្ឋអាម៉េរិកបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យជាច្រើន រួមមាន៖ ការអប់រំ សុខាភិបាលសាធារណៈ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ការដោះមីន ការអភិរក្សន៍វប្បធម៌ និងការពង្រឹងសមត្ថភាពស្ថាប័ន។ បន្ថែមលើនេះ សហរដ្ឋអាម៉េរិក ក៏បានចូលរួមចំណែកក្នុងការកសាងធនធានមនុស្ស តាមរយៈកម្មវិធីផ្លាស់ប្តូរការអប់រំ អាហារូបករណ៍ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងឱកាសអភិវឌ្ឍវិជ្ជាជីវៈ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់សហរដ្ឋអាម៉េរិកក្នុងការបំផុសគំនិតសហគ្រិន ការគាំទ្រធុរកិច្ចថ្មី (startups) និងការលើកកម្ពស់បរិស្ថាននវានុវត្តន៍នៅទូទាំងពិភពលោក។


ឯកឧត្តម រដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណសហរដ្ឋអាម៉េរិក ជាពិសេស លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួល រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួរ ៕

ដោយ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





