ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់៨គ្រួសារទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦--សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះបាននាំយកអំណោយមនុស្សធម៌ ជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិការបស់សាខាទៅចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ សរុបចំនួន៨គ្រួសារ នៅឃុំកំពង់គរ ៧គ្រួសារ និងឃុំព្រែកប្រសព្វ ១គ្រួសារ ក្នុងស្រុកព្រែកប្រសព្វ នារសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ ។
ក្រុមការងារ បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករឭកដ៏ខ្ពង់ខ្ពស់ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរខ្ពស់បំផុតចំពោះសុខទុក្ខរបស់បង-ប្អូននិងបានសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងដែលមិននឹកស្មានដល់នេះនិងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិនានា ដែលកើតមានឡើងជាយថាហេតុ សូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ ហើយសូមបងប្អូនកុំបាក់ទឹកចិត្ត ត្រូវខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗសម្រាប់ទ្រទ្រង់ជីវភាព ឱ្យកាន់តែប្រសើឡើង។

អំណោយផ្តល់ជូនក្នុងមួយគ្រួសារមាន៖ អង្ករ២៥គីឡូក្រាម សារុង១ មុង១ ភួយ១ ក្រមា១ មី១កេស ត្រីខ១០កំប៉ុង ទឹកសុទ្ធ១យួរ តង់១ ម៉ាស១ប្រអប់ អាវយឺត៣ និងថវិកាចំនួន ៥០.០០០ រៀល ។ដោយឡែកសម្រាប់គ្រួសារដែលរងការខូចខាតធ្ងន់ចំនួន២គ្រួសារទទួលបាន ៖ អង្ករ៥០គីឡូក្រាម សារុង១ មុង១ ភួយ១ ក្រមា១ មី១កេស ត្រីខ១០កំប៉ុង ទឹកសុទ្ធ១យួរ តង់១ ម៉ាស១ប្រអប់ អាវយឺត៣ និងថវិកាចំនួន ១០០.០០០ រៀល ៕


ដោយ៖ ពេជ្រ សំអឿន, (ប្រភព៖កាកបាទក្រហមកម្ពុជា)





