សម្ភារសិក្សា និងអាវភ្លៀងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនដល់សិក្ខាកាមបើកបររថយន្តជំនាន់ទី៨
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានយកសម្ភារសិក្សា និងអាវភ្លៀងចែកជូនដល់សិក្ខាកាមវគ្គបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៨ របស់កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ភារដែលបានចែកជូនសិក្ខាកាមរួមមានដូចជា៖ អាវភ្លៀង សៀវភៅច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក សៀវភៅសរសេរ បន្ទាត់ និងប៊ិច នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលមានប្រសាសន៍ថា តាមរយៈអំណោយទាំងអស់នេះ បានបញ្ជាក់ឱ្យឃើញថា សម្ដេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខយើងទាំងអស់គ្នា ដូចកូន ដូចចៅស្មើៗគ្នានៅគ្រប់កាលៈទេសៈ ។ ឧត្តមសេនីយ៍ទោ ឈរ សុខ បានបន្តទៀតថា ដើម្បីសងគុណដល់ថ្នាក់ដឹកនាំប្អូនៗទាំងអស់ក្នុងវគ្គនេះ ត្រូវយកចិត្តទុកដាក់លើការហ្វឹកហ្វឺន ឱ្យបានល្អប្រសើរ យកចំណេះជំនាញចេញពីសាលាទៅបម្រើជាតិមាតុភូមិ។

ឧត្តមសេនីយ៍ទោ ឈរ សុខ មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ តំណាងឱ្យសិក្ខាកាមវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបរ រថយន្តធុនធ្ងន់ជំនាន់ទី៨ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចទាំងទ្វេរ និងសូមគោរពជូនពរសម្តេចទាំងទ្វេរជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


ដោយ សំ សាម៉ន (ប្រភព៖កងទ័ពជើងគោក)





