ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តសៀមរាបប្រជុំពិនិត្យ និងវាយតម្លៃឡើងវិញ លើការគ្រប់គ្រងមណ្ឌលសុវត្ថិភាពជនភៀសសឹកក្នុងខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦--ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានប្រជុំត្រួតពិនិត្យ និងវាយតម្លៃឡើងវិញ ចំពោះការរៀបចំកន្លងមកលើប្រព័ន្ធទឹក ប្រព័ន្ធលូ ហេដ្ឋារចនាសម្ព័ន្ធនានា សេវាសុខាភិបាល បរិស្ថានអនាម័យ និងកិច្ចការទូទៅ នៅទីតាំងមណ្ឌលសុវត្ថិភាពជនភៀសសឹកតាមបណ្តាក្រុងស្រុកក្នុងខេត្តសៀមរាប។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាបបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បងប្អូនភៀសសឹកដែលបន្តស្នាក់នៅខេត្តសៀមរាប សរុបមានចំនួន ២ ៦៥១គ្រួសារ ស្មើនឹងចំនួន ៨ ៣០៤នាក់។ ក្នុងនោះស្នាក់នៅតាមទីតាំងសុវត្ថិភាពរៀបចំដោយរដ្ឋបាលក្រុងស្រុក មានចំនួន ១ ៨៧៩គ្រួសារ និងស្នាក់នៅតាមផ្ទះមានចំនួន ៧៧២គ្រួសារ។

លោកអភិបាលរងខេត្តបានបន្តថា ដោយទទួលបានការណែនាំពីរាជរដ្ឋាភិបាល តាមរយៈ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំបន្តដល់រដ្ឋបាលខេត្តសៀមរាប ធ្វើការបិទបញ្ចប់ករណីជនភៀសសឹកស្នាក់នៅខេត្តសៀមរាប ទាំងទីតាំងមណ្ឌលសុវត្ថិភាព និងការស្នាក់នៅតាមផ្ទះ ដើម្បីឱ្យពួកគាត់ត្រឡប់ទៅលំនៅឋានវិញ។ ចំពោះតំបន់ដែលប្រឈមតិចតួច និងចំពោះតំបន់ក្រហម ត្រូវទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដើម្បីអាចចូលទៅកាន់ជំរុំដែលរាជរដ្ឋាភិបាលបានរៀបចំ បង្កើតឡើងដែលមានផ្ទះ មានដីសម្រាប់ធ្វើកសិកម្ម។

លោកបន្តថា មុនការវិលត្រឡប់ទៅវិញក៏មានការប្រគល់ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្រាប់ជូនគ្រួសារភៀសសឹកស្នាក់នៅទីតាំងមណ្ឌលសុវត្ថិភាព និងការស្នាក់នៅតាមផ្ទះដោះស្រាយជីវភាព និងចំណាយថ្លៃធ្វើដំណើរត្រឡប់ទៅវិញ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ។

ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តសៀមរាប សម្រាប់ការរៀបចំទទួលបងប្អូនភៀសសឹក នាពេលកន្លងមក ដោយបានរៀបចំនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក មានប្រព័ន្ធទឹក ប្រព័ន្ធលូ ហេដ្ឋារចនាសម្ព័ន្ធនានា និងសេវាសុខាភិបាល បរិស្ថានអនាម័យ ការរៀបចំប្រព័ន្ធដឹកជញ្ជូន ការត្រៀមស្បៀង ថ្នាំពេទ្យ ការរៀបចំសិស្សដែលភៀសសឹកបានចូលរៀន ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនជនភៀសសឹក។

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលបានចូលរួមជួយសង្គ្រោះ និងផ្តល់ការឧបត្ថម្ភនានាដល់ជនភៀសសឹក។ ដោយឡែកចំពោះបញ្ហាដែលនៅសេសសល់ ឯកឧត្តមនឹងធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ៕
ដោយ ឃុត សៅ





