ក្រសួងព័ត៌មានចុះផ្សព្វផ្សាយយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ ដល់សិស្សានុសិស្សជាង ១,៥០០នាក់ នៅខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ"ជំហានទី២ ទៅដល់សាលា នៅក្នុងបរិវេណវិទ្យាល័យកំពង់ស្ពឺ ស្ថិតនៅសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកមន្ទីរព័ត៌មានខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជា១,៥០០នាក់។

ក្នុងឱកាសនោះដែរ លោក ហន ភក្តី អភិបាលរងខេត្ត បានកោតសរសើរដល់ក្រសួងព័ត៌មាន ក៏ដូចជាមន្ទីរព័ត៌មានខេត្ត ដែលបានជ្រើសរើសវិទ្យាល័យកំពង់ស្ពឺ ក្នុងការរៀបចំយុទ្ធនាការដ៏មានសារៈសំខាន់នេះឡើង ដើម្បីដាស់តឿនស្មារតីយុវជន លោកក៏បានដាស់តឿនដល់ប្អូនៗសិស្សានុសិស្ស ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងមានការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងជឿ ឬចែករំលែក (Share) ព័ត៌មានណាមួយនៅលើបណ្តាញសង្គម ដើម្បីជៀសវាងការធ្លាក់ក្នុងឧបាយកលរបស់ជនខិលខូច ដែលមានចេតនាបំពុលសង្គម។ ឯកឧត្តមបានណែនាំឱ្យប្អូនៗសិស្សានុសិស្សទាំងអស់ដែលជាយុវជនបន្តវេន រួមគ្នាផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមិត្តភក្តិ ឱ្យយល់ដឹងពីផលប៉ះពាល់នៃព័ត៌មានមិនពិត ដែលអាចបង្កភាពវឹកវរ និងបំផ្លាញសណ្តាប់ធ្នាប់សង្គមជាតិ។

លោកអភិបាលរងខេត្តក៏បានជម្រុញឱ្យប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់អក្សរកាត់នៅលើបណ្តាញសង្គម ហើយត្រូវងាកមកសរសេរ និងប្រើប្រាស់អក្សរសាស្ត្រខ្មែរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ដើម្បីរួមគ្នាថែរក្សា ការពារតម្លៃ និងអត្តសញ្ញាណនៃអក្សរសាស្ត្រជាតិយើងឱ្យបានគង់វង្ស។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស្លេះ អាល់ហ្វីន បានសង្កត់ធ្ងន់ថា យុទ្ធនាការនេះមិនត្រឹមតែជាការបញ្ជ្រាបការយល់ដឹងអំពីផលអវិជ្ជមាននៃព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែ ដើម្បីធានាថាយុវជនជំនាន់ថ្មីយល់ច្បាស់ពីសិទ្ធិ សុវត្ថិភាពឌីជីថល និងក្របខ័ណ្ឌច្បាប់ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីចៀសវាងការធ្លាក់ចូលក្នុងអន្ទាក់នៃព័ត៌មានក្លែងក្លាយ។

ឯកឧត្តមបានបន្តទៀតថា៖ «អក្ខរកម្មព័ត៌មាន គឺជាសមត្ថភាពក្នុងការប្រើប្រាស់ បង្កើត វិភាគ និងវាយតម្លៃព័ត៌មានប្រកបដោយវិចារណញ្ញាណ ហើយចំណេះដឹងនេះ គឺជាវ៉ាក់សាំងដ៏រឹងមាំបំផុត ក្នុងការការពារខ្លួនយើង និងសង្គមជាតិទាំងមូលពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ»។
ទន្ទឹមនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជំរុញសិស្សានុសិស្សឱ្យលុបបំបាត់ឥរិយាបថអវិជ្ជមាន និងប្រែក្លាយខ្លួនជាអ្នកប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ និងត្រូវចេះ គ្រប់គ្រងពេលវេលាក្នុងការប្រើប្រាស់ឧបករណ៍ឆ្លាតវៃ ដើម្បីចៀសវាងការញៀន ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតភាពការងារ និងលទ្ធផលនៃការសិក្សា។ លើសពីនេះ ឯកឧត្តម បានអំពាវនាវឱ្យយុវជនដើរតួជា «អ្នកអប់រំបន្ត» ដោយត្រូវយកចំណេះដឹងទាំងនេះទៅចែករំលែកដល់មាតាបិតា និងចាស់ព្រឹទ្ធាចារ្យក្នុងសហគមន៍ ដើម្បីការពារពួកគេពីហានិភ័យនៃព័ត៌មានក្លែងក្លាយ។

គួររម្លឹងផងដែរថា ក្រសួងព័ត៌មានអនុវត្តដោយជោគជ័យនូវយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី១ និងបានបើកយុទ្ធនាការជំហានទី២ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយផ្តោតសំខាន់លើក្រុមយុវជន ក្រោមប្រធានបទ«ការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»។ តាមការគ្រោងទុក យុទ្ធនាការជំហានទី២នេះនឹងត្រូវអនុវត្តទូទាំងប្រទេសក្នុងរយៈពេល១ឆ្នាំ៕

ដោយ ម៉ែន ប៊ុនធីម





