អភិបាលស្រុថ្មពួក ដឹកនាំក្រុមការងារចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុងអាមេ ៣ខ្សែ ក្នុងឃុំថ្មពួក ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋយូរអង្វែង
AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦--អាជ្ញាធរស្រុកថ្មពួកខេត្តបន្ទាយមានជ័យបានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការកែប្រែមុខមាត់ហេដ្ឋារចនាសម្ព័ន្ធជនបទ ពីផ្លូវដីដែលពិបាកធ្វើដំណើរ មកជាផ្លូវបេតុងអាមេរឹងមាំ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក រ័ត្ន ដាស៊ីណង់អភិបាលនៃគណៈអភិបាលស្រុកថ្មពួក បានដឹកនាំក្រុមការងារបច្ចេកទេសថ្នាក់ស្រុក ឃុំ ភូមិ និងភាគីពាក់ព័ន្ធ ចុះពិនិត្យ និងវាយតម្លៃផ្ទាល់លើការដ្ឋានគម្រោងមូលនិធិឃុំ ក្នុងការកសាងផ្លូវបេតុងអាមេ ចំនួន ៣ខ្សែ ដែលមានប្រវែងសរុប ៨២៣ម៉ែត្រ ស្ថិតនៅក្នុងភូមិវត្តចាស់ និងភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសចុះពិនិត្យការដ្ឋាននោះ លោក រ័ត្ន ដាស៊ីណង់ បានបង្ហាញនូវការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា ការបំប្លែងផ្លូវលំដីខ្សាច់ ឬផ្លូវដែលរងការខូចខាត មកជាផ្លូវបេតុងអាម៉េនាពេលនេះ គឺធ្វើឡើងដើម្បីធានាបាននូវគុណភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង សម្រួលដល់ការធ្វើចរាចរណ៍ទៅមក ជាពិសេសគឺការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាកសិករទៅកាន់ទីផ្សារបានលឿនរហ័ស និងចំណាយតិច។

ទន្ទឹមនឹងនេះ លោកក៏បានជម្រុញឱ្យក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនម៉ៅការ ត្រូវយកចិត្តទុកដាក់ខ្ពស់លើស្តង់ដារបច្ចេកទេស ដើម្បីឱ្យផ្លូវទាំង ៣ខ្សែនេះ មានគុណភាពល្អស្របតាមការរំពឹងទុករបស់ប្រជាពលរដ្ឋ។
ការទទួលបានសមិទ្ធផលផ្លូវបេតុងថ្មីនេះ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិវត្តចាស់ និងភូមិថ្មពួក បង្ហាញនូវក្តីរំភើបរីករាយ និងពេញចិត្តជាខ្លាំង។តំណាងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានលើកឡើងទាំងទឹកមុខញញឹមថាកន្លងមក នៅរដូវវស្សាផ្លូវនេះតែងតែរអិល ដក់ទឹក និងមានភក់ជ្រាំ ធ្វើឱ្យកូនចៅពិបាកធ្វើដំណើរទៅសាលារៀន ហើយការដឹកកសិផលផ្សេងៗក៏ជួបការលំបាកខ្លាំង។នៅពេលមានផ្លូវបេតុងអាម៉េដ៏រឹងមាំនេះ ពួកគាត់លែងព្រួយបារម្ភទៀតហើយ។ វាជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃយ៉ាងច្រើន និងធ្វើឱ្យភូមិករមានសោភ័ណភាពស្អាតបាតជាងមុន។
ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាល និងអាជ្ញាធរស្រុកថ្មពួក ដែលមិនបោះបង់ចោលពលរដ្ឋ និងបាននាំយកការអភិវឌ្ឍន៍ពិតប្រាកដមកដល់ខ្នងផ្ទះរបស់ពួកគាត់។

អាជ្ញាធរស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានប្តេជ្ញាចិត្តថានឹងបន្តប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំ/សង្កាត់ ក៏ដូចជាកញ្ចប់ថវិកាអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីធ្វើការជួសជុល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតនៅក្នុងភូមិ-ឃុំដទៃទៀតជាបន្តបន្ទាប់ សំដៅប្រែក្លាយតំបន់ជនបទឱ្យកាន់តែមានការរីកចម្រើន និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាលំដាប់៕
ដោយ ឈុន សារ៉ាត់





