មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញឱ្យសិស្សានុសិស្សលុបបំបាត់ឥរិយាបថអវិជ្ជមាន និងប្រែក្លាយខ្លួនជាអ្នកប្រើ បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវដើម្បីចៀសវាងផលប៉ះពាល់ដល់ការសិក្សា
AKP កំពង់ស្ពឺ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ -- មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មានបបានជំរុញឱ្យសិស្សានុសិស្សលុបបំបាត់ឥរិយាបថអវិជ្ជមាន និងប្រែក្លាយខ្លួនជាអ្នកប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ និងត្រូវចេះគ្រប់គ្រងពេលវេលាក្នុងការប្រើប្រាស់ឧបករណ៍ឆ្លាតវៃ ដើម្បីចៀសវាងការញៀន ដែលអាចប៉ះពាល់ដល់ផលិតភាពការងារ និងលទ្ធផលនៃការសិក្សា។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញចូលរូមជាអធិបតី យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំ មន្ទីរ ពាក់ព័ន្ធ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១ ៥០០ នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ស្លេះ អាល់ហ្វីន បានមានប្រសាសន៍ថា យុទ្ធនាការនេះមិនត្រឹមតែជាការបញ្ជ្រាបការយល់ដឹងអំពីផលជះអវិជ្ជមាននៃព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែ ដើម្បីធានាថាយុវជនជំនាន់ថ្មីយល់ច្បាស់ពីសិទ្ធិ សុវត្ថិភាពឌីជីថល និងក្របខ័ណ្ឌច្បាប់ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីចៀសវាងការធ្លាក់ចូលក្នុងអន្ទាក់នៃព័ត៌មានក្លែងក្លាយ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ «អក្ខរកម្មព័ត៌មាន គឺជាសមត្ថភាពក្នុងការប្រើប្រាស់ បង្កើត វិភាគ និងវាយតម្លៃព័ត៌មានប្រកបដោយវិចារណញ្ញាណ ហើយចំណេះដឹងនេះ គឺជាវ៉ាក់សាំងដ៏រឹងមាំបំផុត ក្នុងការការពារខ្លួនយើង និងសង្គមជាតិទាំងមូលពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ»។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានអំពាវនាវឱ្យយុវជនដើរតួជា «អ្នកអប់រំបន្ត» ដោយត្រូវយកចំណេះដឹងទាំងនេះទៅចែករំលែកដល់មាតាបិតា និងចាស់ព្រឹទ្ធាចារ្យក្នុងសហគមន៍ ដើម្បីការពារពួកគេពីហានិភ័យនៃព័ត៌មានក្លែងក្លាយ។

គួររម្លឹងផងដែរថា ក្រសួងព័ត៌មានអនុវត្តដោយជោគជ័យនូវយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី១ និងបានបើកយុទ្ធនាការជំហានទី២ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយផ្តោតសំខាន់លើក្រុមយុវជន ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»។ ទន្ទឹមនេះ តាមការគ្រោងទុក យុទ្ធនាការជំហានទី២នេះ នឹងត្រូវអនុវត្តន៍ទូទាំងប្រទេសក្នុងរយៈពេល១ឆ្នាំ៕



ដោយ៖ រិទ្ធី





