កិច្ចព្រមព្រៀងសន្តិភាពសហរដ្ឋអាមេរិក-អ៊ីរ៉ង់៖ លោក ដូណាល់ ត្រាំ ប្រកាសបើកច្រកសមុទ្រហ័រមុសឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ត្រូវបានបញ្ចប់ ហើយលោកបាននិយាយថា លោកកំពុងអនុញ្ញាតឱ្យបើកច្រកសមុទ្រហ័រមុសឡើងវិញ និងការដកចេញនូវការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិក។
លោក ត្រាំ បានប្រកាសនៅក្នុងការបង្ហោះមួយនៅលើវេទិកាបណ្តាញសង្គម Truth Social របស់លោកថា «កិច្ចព្រមព្រៀងជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឥឡូវនេះបានបញ្ចប់ហើយ។ សូមអបអរសាទរដល់អ្នកទាំងអស់គ្នា!»។
លោកបានបន្ថែមថា «ខ្ញុំសូមអនុញ្ញាតយ៉ាងពេញលេញឱ្យបើកច្រកសមុទ្រហ័រមុសដោយមិនមានការបង់ថ្លៃ ហើយក្នុងពេលជាមួយគ្នានេះ សូមអនុញ្ញាតឱ្យដកចេញនូវការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិកជាបន្ទាន់»។
លោក ត្រាំ ក៏បានផ្តល់សញ្ញាឱ្យមានការបន្តចរាចរណ៍ផ្លូវសមុទ្រ និងការដឹកជញ្ជូនថាមពលឡើងវិញតាមរយៈផ្លូវទឹកយុទ្ធសាស្ត្រ ដោយលោកបានសរសេរថា «នាវារបស់ពិភពលោក សូមបញ្ឆេះម៉ាស៊ីនរបស់អ្នក។ សូមឱ្យប្រេងហូរ!»។
លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីកិច្ចព្រមព្រៀង ឬការអនុវត្តវិធានការនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកទេ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ស្សេបាស់ ស្សារីហ្វ បានប្រកាសនៅព្រឹកថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយ បន្ទាប់ពីការចរចាយ៉ាងស្វិតស្វាញ។
លោក ស្សារីហ្វ បាននិយាយនៅក្នុងសារមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចរបស់សហរដ្ឋអាមេរិកថា «បន្ទាប់ពីការចរចាយ៉ាងស្វិតស្វាញ យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវបានសម្រេច» ។
លោកបានបន្ថែមថា «ភាគីទាំងពីរបានប្រកាសពីការបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍លើគ្រប់វិស័យ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ»។
យោងតាមលោក ស្សារីហ្វ បានឱ្យដឹថា ពិធីចុះហត្ថលេខាជាផ្លូវការត្រូវបានគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងប្រទេសស្វីស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)




