រដ្ឋបាលខេត្តកណ្តាលរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦
AKP កណ្តាល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ -- សូមមាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធនានាទាំងអស់ ជំរុញកូនចៅ ឬយុវជនឱ្យមកចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលនៅជិតលំនៅដ្ឋានដែលបងប្អូនពលរដ្ឋកំពុងរស់នៅ ដើម្បីចាប់យកជំនាញវិជ្ជាជីវៈសម្រាប់អនាគតរបស់ពួកគាត់។ នេះជាការអំពាវនាវរបស់លោក នុតពុធ ដារ៉ា អភិបាលរងខេត្តកណ្ដាល ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ "TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល" ដែលរៀបចំដោយរដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ដែលប្រារព្ធធ្វើនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោក នុតពុធ ដារ៉ា បានបន្តទៀតថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលបានកំណត់យកអាទិភាពគន្លឹះ៥ ដោយបន្ថែមបច្ចេកវិទ្យា និងបន្តយកធនធានមនុស្សជាអាទិភាពទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា គឺជាអាទិភាពបន្តបន្ទាប់តាមលំដាប់។ អាទិភាព “មនុស្ស” ត្រូវបានឆ្លុះបញ្ចាំងជាចម្បងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលជា “ការអភិវឌ្ឍមូលធនមនុស្ស” ក្នុងនោះ “ការបណ្តុះបណ្តាល ជំនាញបច្ចេកទេស” គឺជារបៀបវារៈ និងជាគោលដៅចម្បងបំផុតមួយ ដោយបានកំណត់យ៉ាងច្បាស់ក្នុងមុំទី២ នៃបញ្ចកោណទី១ លើសពីនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព “ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលមានចំនួនប្រមាណ ១,៥លាននាក់ នៅតាមបណ្តាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនានា ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃសិក្សា ព្រមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ម៉ឺនរៀលក្នុងមួយខែ រយៈពេល ៤ខែ ដែលនឹងផ្តល់ឱកាសសប្រាប់យុវជនទូទៅ ជាពិសេសប្អូនៗក្នុងខេត្តកណ្តាល។


ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាស្ពានចម្លងទន់ភ្លន់ មានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដែលមានប្រសិទ្ធភាព ឆាប់រហ័សឆ្ពោះទៅរកការងារ និងជាផ្លូវដែលអាចបន្តការសិក្សាបានស្របពេលដែលអាចបំពេញការងារបានក្នុង ពេលជាមួយគ្នា ដើម្បីស្វែងរកចំណូលចូលរួមចំណែកក្នុងការគាំទ្រសេដ្ឋកិច្ចគ្រួសារបាន ឬអាចបន្តការសិក្សាទៅ កម្រិតខ្ពស់បន្តបន្ទាប់បានក្រោយពីផ្អាកមួយរយៈដើម្បីបំពេញការងារ ហើយការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាឧបករណ៍ក្នុងការប្រែក្លាយកម្លាំងពលកម្មកម្ពុជា ជាអ្នកជំនាញ អ្នកបច្ចេកទេស និងជាមូលធនមនុស្ស ដែលគាំទ្រដល់ការកាត់បន្ថយនិកម្មភាព ភាពក្រីក្រ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញ លើកកម្ពស់កម្រិតជីវភាពប្រជាជនឱ្យកាន់តែប្រសើរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងការចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល កម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។


លោក ច្រឹង ណារី នាយកវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន បានឱ្យដឹងថា វិទ្យាស្ថានមានបណ្តុះបណ្ដាលលើកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ វគ្គខ្លីៗ និងបណ្តុះបណ្ដាលជំនាញរួមមាន ការតបណ្ដាញអគ្គិសនី ព័ត៌មានវិទ្យា ជួសជុល និងថែទាំរថយន្ត គ្រប់គ្រងអាជីវកម្ម ភាសាអង់គ្លេស ទោចក្រក្រយានយន្ត ផ្សារដែក សេវាកម្មបរិក្ខារម៉ាស៊ីនត្រជាក់ វិស័យឧស្សាហកម្ម សំណង់ស៊ីវិល ពហុព្យាបាល កែច្នៃបន្លែផ្លែឈើ ជួសជុលម៉ាស៊ីនតូចធំ និងសេវាកម្មកុំព្យូទ័រ៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





