អ្នកជំនាញផ្នែកបច្ចេកវិទ្យាអភិរក្សអង្គការ CI ចែករំលែក«កម្មវិធីផ្តួចផ្តើមយុវជនដឹកនាំអាស៊ីអាគ្នេយ៍ជំនាន់ថ្មី សម្រាប់អ្នកជំនាញ (YSEALI PFP)»
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦-- អ្នកជំនាញស្ត្រីផ្នែកបច្ចេកវិទ្យាអភិរក្សនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការ CI) កញ្ញា គង់ បូរី បានផ្តល់វគ្គចែករំលែកអំពីបទពិសោធន៍ ក្នុង «កម្មវិធីផ្តួចផ្តើមយុវជនដឹកនាំអាស៊ីអាគ្នេយ៍ជំនាន់ថ្មី សម្រាប់អ្នកជំនាញ (YSEALI PFP)» បន្ទាប់ពីបានបញ្ចប់កម្មសិក្សារយៈពេល ៦ សប្តាហ៍ដោយជោគជ័យនៅរដ្ឋVirginia សហរដ្ឋអាមេរិក។

ប្រភពពីអង្គការ CI បានឱ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ថា នៅក្នុងវគ្គចែករំលែកនេះ កញ្ញា គង់ បូរី បានចែករំលែកអំពីសាវតានៃកម្មវិធីដំណើរការនៃការជ្រើសរើសបេក្ខជន និងបទពិសោធន៍ដ៏មានតម្លៃទាក់ទិនទៅនឹងការផ្លាស់ប្តូរកម្មសិក្សារួមមាន ការពង្រឹងសមត្ថភាពលើជំនាញបច្ចេកទេស ការចូលរួមផ្តល់សេវាកម្មសង្គម និងការផ្លាស់ប្តូរបទពិសោធន៍ផ្នែកវប្បធម៌ និងបណ្តាញទំនាក់ទំនង។ កញ្ញាក៏បានលើកឡើងផងថា កញ្ញាបានស្វែងយល់អំពីការប្រើប្រាស់បច្ចេកវិទ្យាលើការដោះស្រាយបញ្ហាផ្នែកបរិស្ថាន និងរបៀបដែលរដ្ឋបាលគាំទ្រលើសេវាកម្មសង្គមដល់ប្រជាជនមូលដ្ឋាននៅក្នុងរដ្ឋVirginia សហរដ្ឋអាមេរិក។

កញ្ញា គង់ បូរី ជាស្ត្រីតែមួយរូបគត់ក្នុងក្រុមការងារបច្ចេកវិទ្យាអភិរក្សរបស់អង្គការ CI និងបានជាប់ជាបេក្ខភាពចូលរួមក្នុងកម្មវិធី YSEALI PFP ក្នុងឆ្នាំ២០២៦។ ក្នុងអំឡុងនៃវគ្គនេះ បូរីទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងការប្រើប្រាស់ និងផលិតផែនទី ដើម្បីគាំទ្រវិធានការកាត់បន្ថយកម្ដៅ (heat mitigation) ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការចូលរួមពីសហគមន៍។ អង្គការ CI តែងលើកទឹកចិត្ត និងផ្តល់ឱកាសបុគ្គលិកក្នុងការពង្រឹងសមត្ថភាព និងចំណេះដឹងបច្ចេកទេសបន្ថែម ដើម្បីពង្រឹងការចូលរួមក្នុងការអភិរក្សឱ្យកាន់តែប្រសើរ។

ផ្អែកលើបទពិសោធន៍និងចំណេះដឹងដែលទទួលបាន បូរី មានបំណងយកជំនាញទាំងនេះទៅអនុវត្តក្នុងការងារគ្រប់គ្រង និងការពារព្រៃឈើឱ្យមានប្រសិទ្ធភាព ព្រមទាំងបន្តពង្រឹងភាពជាដៃគូ និងការចូលរួមយ៉ាងសកម្មរបស់សហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងចីរភាពក្នុងការអភិរក្សធនធានព្រៃឈើនៅកម្ពុជា៕
ដោយ ណយ នឿន (ប្រភព៖ Cl)





