ក្រុមជម្រើសជាតិកម្ពុជា បំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ៦៩ឆ្នាំយកឈ្នះក្រុមចិនហុងកុង លើកដំបូង ២-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦--ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមចិនហុងកុង នៅក្នុងជំនួបមិត្តភាពអន្តរជាតិ ដោយលទ្ធផល ២-០ កាលពីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ តាមរយៈជ័យជម្នះនេះ ក្រុមកម្ពុជាបានបំបែកកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រ ក្នុងជំនួបប្រកួតជាមួយក្រុមហុងកុង កន្លងមកមិនដែលឈ្នះនោះទេ ពោលគឺតែងតែចាញ់ និងត្រឹមស្មើប៉ុណ្ណោះ។

នៅក្នុងជំនួបជក់ចិត្ត ក្រោមក្រសែភ្នែកទស្សនិកជនទស្សនាផ្ទាល់ជាង ២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក គឺកីឡាករជម្រើសជាតិកម្ពុជាសញ្ជាតិដើមជប៉ុន យូឌៃ អូកាវ៉ា ធ្វើសម្រេចបានគ្រាប់ទី១ នៅនាទី ៤៥+១ ហើយគ្រាប់ទី២ធ្វើសម្រេចនៅនាទី ៥០ ដោយកីឡាករ សៀង ចន្ថា។ តាមរយៈជ័យជម្នះក្នុងជំនួបមិត្តភាពអន្តរជាតិ ឆ្នាំ២០២៦នេះជាលើកដំបូង ដែលក្រុមកម្ពុជាដណ្តើមបានជ័យជម្នះលើក្រុមចិនហុងកុង ក្នុងចំណោម១១ប្រកួតកន្លងមក ក្នុងរយៈពេល៦៩ឆ្នាំ។ នៅក្នុងប្រវត្តិជួបប្រកួតជាមួយគ្នារវាងក្រុមកម្ពុជា និងចិនហុងកុង គឺក្រុមកម្ពុជាមិនធ្លាប់ឈ្នះ ចិនហុងកុងនោះទេ ដោយក្នុងជំនួប១១លើក គឺកម្ពុជាចាញ់៨លើក និងស្មើ ៣លើក។

នេះជាជំនួបមិត្តភាពអន្តរជាតិ លើកទី២ របស់ម្ចាស់ផ្ទះ កម្ពុជា ជាមួយ ចិនហុងកុង បន្ទាប់ពីម្ចាស់ផ្ទះ កម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិប៊ូតង់ ៥-០ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ តាមរយៈជំនួបមិត្តភាពអន្តរជាតិក្នុងដី ដែលក្រុមជម្រើសជាតិកម្ពុជាយកឈ្នះទាំងពីរប្រកួតនេះ ក៏ជាស្តារការគាំទ្ររបស់ប្រិយមិត្តកម្ពុជាឡើងវិញ បន្ទាប់ពីក្រុមកម្ពុជាទទួលបានលទ្ធផលមិនសូវល្អ នៅប្រកួតអន្តរជាតិ កន្លងមក។

គួរបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញបញ្ជីប្រមូលផ្តុំហ្វឹកហាត់ ២៦នាក់ ក្នុងនោះអ្នកចាំទី៣នាក់ ខ្សែការពារ ៩នាក់ ខ្សែបម្រើ ១១នាក់ និងខ្សែប្រយុទ្ធ ៣នាក់។ FFC បានប្រកាសថា ការប្រកួតមិត្តភាពអន្តរជាតិចំនួន២លើករបស់ក្រុមជម្រើសជាតិកម្ពុជា ពេលនេះ គឺដើម្បីបន្តដំណើរទៅបោះជំរំហ្វឹកហាត់នៅប្រទេសជប៉ុន មុនចូលរួមប្រកួត HYUNDAI CUP 2026។ បន្ទាប់ពីការប្រកួតមិត្តភាពទាំងពីរនេះ ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើដំណើរទៅបោះជំរំនៅ ជប៉ុន ពីថ្ងៃទី១៤-២១ ខែកក្កដា ត្រៀមចូលរួមប្រកួតពាន HYUNDAI Cup នាចុងខែកក្កដា ដល់ថ្ងៃទី២៦ សីហា ឆ្នាំ២០២៦៕

ដោយ ហេង ណាលីន (រូបភាព៖ FFC)





