គណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមការងារអាដហុកលើកទី១៥ ដើម្បីអភិវឌ្ឍក្របខណ្ឌលទ្ធផល នៃផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន
AKP ភ្នំពេញថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម បណ្ឌិត ឌី ខាំបូលី ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានសម្រាប់កម្ពុជា ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមការងារអាដហុកលើកទី១៥ ដើម្បីអភិវឌ្ឍក្របខណ្ឌលទ្ធផលនៃផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន នៅទីក្រុងឌីលី ប្រទេសទីម័រឡេស្តេ ដោយមានការចូលរួមពីសមាជិកក្រុមការងារអាដហុកទាំង១១ប្រទេស។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗចំនួន២ រួមមាន៖ ១.ពិនិត្យលទ្ធភាពសម្រេចសូចនាករសមិទ្ធកម្មគន្លឹះរបស់វិធានយុទ្ធសាស្ត្រក្នុងក្របខណ្ឌលទ្ធផលសហគមន៍សង្គម-វប្បធម៌អាស៊ាន និង ២.ពិភាក្សាលើសូចនាករសមិទ្ធកម្មគន្លឹះកម្រិតគោលបំណងក្នុងក្របខណ្ឌលទ្ធផលសហគមន៍សង្គម-វប្បធម៌អាស៊ាន។

ជាលទ្ធផល កិច្ចប្រជុំបានស្នើសុំអនុវិស័យពាក់ព័ន្ធពិចារណាលើសូចនាករសមិទ្ធកម្មគន្លឹះរបស់វិធានយុទ្ធសាស្ត្រឆ្លងសសរស្ដម្ភចំនួន៣ចំណុច រួមមាន៖ ១.ផ្ដល់ទិន្នន័យបន្ថែមលើសូចនាករសមិទ្ធកម្មគន្លឹះពាក់ព័ន្ធ,២.ពិនិត្យលទ្ធភាពថាតើមានសូចនាករសមិទ្ធកម្មគន្លឹះដទៃណាទៀតដែលគួរស្នើបន្ថែមសម្រាប់វិធានយុទ្ធសាស្ត្រ ចំពោះអនុវិស័យដែលកំពុងប្រមូលទិន្នន័យ និងផ្ទៀងផ្ទាត់ និង ៣.កត់សំគាល់គំនិតផ្ដួចផ្ដើម ឬសកម្មភាពផែនការការងាររបស់អនុវិស័យដែលទាក់ទងទៅនឹងសូចនាករសមិទ្ធកម្មគន្លឹះ។ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាពីលទ្ធភាព និងអាទិភាពរបស់អនុវិស័យពាក់ព័ន្ធក្នុងការកែសម្រួល និងបញ្ចប់សូចនាករសមិទ្ធកម្មគន្លឹះដែលនៅសេសសល់ ដោយភ្ជាប់ជាមួយការប្រមូលទិន្នន័យដើមគ្រាផងដែរ។
ដើម្បីទទួលបានធាតុចូលបន្ថែមលើវិធានយុទ្ធសាស្ត្រឆ្លងសសរស្ដម្ភ សិក្ខាសាលាថ្នាក់តំបន់នឹងរៀបចំឡើងនៅថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២៦ និងវេទិកាកម្រិតតំបន់លើកទី២ ស្ដីពីផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន ដើម្បីបញ្ជ្រាបផែនការយុទ្ធសាស្ត្រនេះទៅថ្នាក់តំបន់ ថ្នាក់ជាតិ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនៅថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





