សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីគោលជំហរសារជាថ្មីក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយមធ្យោបាយសន្តិវីធី
AKP សៀមរាប ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦--សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារប្រាប់ទៅកាន់អ្នកសារព័ត៌មានថៃ ក៏ដូចជាបញ្ជាក់ឡើងវិញនូវជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយប្រើមធ្យោបាយសន្តិវិធី។

នេះបើយោងតាមអ្នករាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារ AKP ក្នុងពិធីសំណេះសំណាល រវាង សម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពខេត្តសៀមរាប និងឧត្តរមានជ័យ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចខុសពីការពិត ជុំវិញជំហរកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលនោះសម្តេចបានលើកឡើងចោទជាសំណួរនូវជម្រើសពីរឲ្យជនរួមជាតិពិចារណាប៉ុណ្ណោះ ដោយជម្រើសទី១ ជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្តើមយកទឹកដីដែលថៃដណ្តើមកាន់កាប់ត្រឡប់មកវិញ និងជម្រើសទី២ ជម្រើសដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធីតាមរយៈយន្តការច្បាប់អន្តរជាតិ។ ក្នុងចំណោមជម្រើសទាំងពីរនេះ សម្តេចតេជោបានសង្កត់ធ្ងន់ថា ជម្រើសទី១ គឺការប្រើកម្លាំងយោធា កម្ពុជាមិនត្រូវការឡើយ តែសម្តេចបានប្រកាសជំហរយ៉ាងច្បាស់ទៅកាន់ជនរួមជាតិថា កម្ពុជាជ្រើសយកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកតាមយន្តការច្បាប់អន្តរជាតិ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យសារព័ត៌មានថៃ កែតម្រូវលើការផ្សាយរបស់ខ្លួន ដោយយកប្រសាសន៍សម្តេចទៅចុះផ្សាយឱ្យច្បាស់។ សម្តេចតេជោ បានថ្លែងបន្តថា សម្តេចមិនជឿថាអ្នកនយោបាយថៃល្ងង់ទៅជឿលើការផ្សាយរបស់សារព័ត៌មានថៃនោះឡើយ៕
ដោយ ផែន រតនៈ





