រយៈពេលជាង១១ខែមកនេះ ខេត្តព្រះសីហនុបង្ក្រាបបទល្មើសScams Online បានចំនួន១០៣ទីតាំង និងរកឃើញទីតាំងជនបរទេសស្នាក់នៅមិនស្របច្បាប់ចំនួន៤៨ទីតាំង
AKP ព្រះសីហនុ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦--រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចុះត្រួតពិនិត្យទីតាំងរស់នៅប្រមូលផ្តុំក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីខែកក្កដា ២០២៥ ដល់ដើមខែមិថុនា ២០២៦ ដោយបានធ្វើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) ចំនួន ១០៣ទីតាំង។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុដដែលបានឱ្យដឹងថា ក្នុងរយៈពេលជាង១១ខែ គឺចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ដើមខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យទីតាំងសរុបចំនួន១ ៣២១ទីតាំង ក្នុងនោះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) ចំនួន១០៣ទីតាំង ដោយរកឃើញទីតាំងដែលមានជនបរទេសស្នាក់នៅមិនស្របច្បាប់ចំនួន ៤៨ទីតាំង។
ហើយក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នេះ គណៈបញ្ជាឯកភាពខេត្តព្រះសីហនុនឹងបន្តបើកប្រតិបត្តិការបង្ក្រាបរហូតដល់បទល្មើសឆបោកតាមប្រព័ន្ធ Online Scams នេះ រលាយបាត់អស់ពីភូមិសាស្ត្រទឹកដីខេត្តព្រះសីហនុ៕


ដោយ ងូ សុមុនី





