រដ្ឋបាលក្រុងសិរីសោភ័ណ ចុះត្រួតពិនិត្យការដ្ឋានផ្លូវបេតុង ២ខ្សែ នៅសង្កាត់ទឹកថ្លា សម្រេចបាន ៥០% នៃផែនការអភិវឌ្ឍន៍ឆ្នាំ២០២៦
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦--ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងលើកកម្ពស់សោភណភាព ក៏ដូចជាការសម្រួលដល់ការធ្វើដំណើរក្នុងមូលដ្ឋាន រដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាននិងកំពុងពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងឱ្យបានទាន់ពេលវេលា និងមានគុណភាពខ្ពស់។

កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ហ៊ាង គឹមស៊ាង អភិបាលរងក្រុងសិរីសោភ័ណ តំណាង លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុង បានដឹកនាំក្រុមការងារចម្រុះរួមមាន៖ លោក សោ ផុន មន្ត្រីបច្ចេកទេសខេត្ត, តំណាងការិយាល័យត្រួតពិនិត្យផ្ទៃក្នុង, ការិយាល័យផែនការ និងគាំទ្រសង្កាត់, ចៅសង្កាត់ទឹកថ្លា, ក្រុមប្រឹក្សាសង្កាត់, អាជ្ញាធរភូមិ និងតំណាងក្រុមហ៊ុនម៉ៅការចុះពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារស្ថាបនាផ្លូវបេតុងចំនួន ២ខ្សែ ស្ថិតនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

តាមរយៈការចុះពិនិត្យដោយផ្ទាល់ ក្រុមការងារបានបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវបេតុងនេះ ជាគម្រោងស្ថិតក្នុងមូលនិធិសង្កាត់ឆ្នាំ២០២៦ ដែលមានប្រវែងសរុប ៧៧៦ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ។ បច្ចុប្បន្ន ការដ្ឋានសម្រេចបានលទ្ធផលប្រមាណ ៥០% នៃផែនការគ្រោងទុក។

ក្នុងឱកាសនោះ លោកស្រី ហ៊ាង គឹមស៊ាង បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលក្រុងសិរីសោភ័ណ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន។ លោកស្រីបានមានប្រសាសន៍ថាការសាងសង់ផ្លូវបេតុងនេះ មិនមែនគ្រាន់តែជាការតភ្ជាប់ផ្លូវមួយខ្សែប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ យើងប្តេជ្ញាធានាថាផ្លូវនេះនឹងត្រូវបានសាងសង់ដោយគុណភាព ដើម្បីបម្រើផលប្រយោជន៍សាធារណៈបានយូរអង្វែង។
ទន្ទឹមនឹងនេះ លោកស្រីក៏បានជំរុញដល់ក្រុមហ៊ុនម៉ៅការឱ្យបន្តអនុវត្តន៍តាមស្តង់ដារបច្ចេកទេសដែលបានកំណត់យ៉ាងម៉ឺងម៉ាត់ ដោយត្រូវគិតគូរពីគុណភាព និងសោភណភាពជាចម្បង។ មន្ត្រីបច្ចេកទេស ក៏ដូចជាការិយាល័យពាក់ព័ន្ធ ត្រូវបន្តតាមដាន និងត្រួតពិនិត្យជាប្រចាំ ដើម្បីឱ្យប្រាកដថា ផ្លូវបេតុងខ្សែនេះនឹងក្លាយជាសមិទ្ធផលដ៏រឹងមាំសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង។
ប្រជាពលរដ្ឋក្នុងភូមិគាប បានបង្ហាញនូវក្តីរីករាយយ៉ាងខ្លាំងចំពោះគម្រោងអភិវឌ្ឍន៍នេះ ដោយលើកឡើងថា កាលពីមុនផ្លូវនៅតំបន់នេះមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវវស្សា ប៉ុន្តែនៅពេលផ្លូវបេតុងស្ថាបនារួចរាល់ វានឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផល ការធ្វើដំណើររបស់សិស្សានុសិស្ស និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់បានយ៉ាងច្រើន។
ការស្ថាបនាផ្លូវបេតុងតាមមូលនិធិសង្កាត់នេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំដោះស្រាយទុក្ខលំបាក និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕
ដោយឈុនសារ៉ាត





