ឯកឧត្តម សុខ លូ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៣ ៣៦១បណ្ណ ជូនប្រជាពលរដ្ឋនៅស្រុកបវេល ខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី0៤ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណជូនប្រជាពលរដ្ឋចំនួន ១ ០៤៧គ្រួសារស្ថិតនៅភូមិកោះរាម និងភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ពិធីនេះធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណវត្តខ្នាចរមាស។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបានយកចិត្តទុកដាក់ខ្ពស់ចំពោះការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសសំដៅសម្រេចឱ្យបានព្រំដីដែលមានភាពច្បាស់លាស់កាត់បន្ថយទំនាស់ដីធ្លី។ ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកបន្តដល់កូនចៅជំនាន់ក្រោយ។

មន្រ្តី និងអាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវសហការគ្នាពន្លឿនការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋនិងមិនត្រូវទារកម្រៃសេវាក្រៅផ្លូវការខុសពីគោលការណ៍នោះទេ។ ឯកឧត្តម ក៏បានដាស់តឿនដល់ប្រជាពលរដ្ឋកុំជឿលើព័ត៌មានមិនពិត តាមដានព័ត៌មានពិតតាមបណ្ដាញសង្គមផ្លូវការ ត្រូវអប់រំកូនចៅឱ្យគោរពច្បាប់ចរាចរណ៍ រក្សាអនាម័យបរិស្ថាន ចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមប្រើប្រាស់កម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន។

សូមបញ្ជាក់ថា សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលចេញដោយក្រសួងផែនការត្រូវបានលើកលែងចំពោះសេវាធ្វើបណ្ណកម្មសិទ្ធិដីធ្លី ចំណែកគ្រួសារទូទៅត្រូវបង់សេវា១ម៉ែត្រការ៉េ៤រៀលសម្រាប់ដីកសិកម្ម និង១ម៉ែត្រការ៉េ៣០រៀលសម្រាប់ដីសាងសង់ ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





