រដ្ឋមន្ត្រីការបរទេសតួកគីទៅដល់ប្រទេសឥណ្ឌូណេស៊ីចូលរួមកិច្ចពិភាក្សា
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសតួកគីលោក ហាកាន់ ហ្វីដាន់ កាលពីថ្ងៃពុធបានទៅដល់ប្រទេសឥណ្ឌូណេស៊ីដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចអាស៊ី-ប៉ាស៊ីហ្វិករបស់លោក។
លោក ហ្វីដាន់ ត្រូវបានស្វាគមន៍ដោយសមភាគីឥណ្ឌូណេស៊ី គឺលោកស៊ូគីអូណូ នៅរដ្ឋធានីហ្សាកាតា។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ លោក ហ្វីដាន់ នឹងពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការពារជាតិ និងការដោះស្រាយបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ និងពិភពលោក។
លោក ស៊ូគីអូណូ បាននិយាយថា វាតែងតែជាសេចក្តីរីករាយក្នុងការស្វាគមន៍លោក ហ្វីដាន់ ទៅកាន់ទីក្រុងហ្សាកាតា។
លោកបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា «ឥណ្ឌូណេស៊ី និងតូកគី គឺជាប្រទេសពីរដែលឈរជាមួយគ្នានៅពេលដែលវាមានសារៈសំខាន់ ហើយឥណ្ឌូណេស៊ីសូមកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្រ និងសាមគ្គីភាពដ៏រឹងមាំរបស់ប្រទេសតួកគី ក្នុងការឈរឈ្មោះសម្រាប់គោលការណ៍រួមរបស់យើង»។
តួកគី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលទទួលស្គាល់ឯករាជ្យភាពរបស់ប្រទេសឥណ្ឌូណេស៊ី។ ទំនាក់ទំនងការទូតត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥០ ហើយស្ថានទូតតួកគីនៅទីក្រុងហ្សាកាតាបានបើកនៅឆ្នាំ១៩៥៧។
ក្រុមប្រឹក្សាសហប្រតិបត្តិការយុទ្ធសាស្ត្រកម្រិតខ្ពស់រវាងតួកគី និងឥណ្ឌូណេស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែនទៅកាន់កោះបាលីក្នុងឱកាសនៃកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេស G-20៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





