កម្ពុជាប្រើប្រាស់យន្តការ UNCLOS ដើម្បីនាំយកការសន្ទនាចូលទៅក្នុងក្របខណ្ឌអន្តរជាតិដែលមានរចនាសម្ព័ន្ធច្បាស់លាស់
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦--ក្នុងកម្មវិធី ផ្សាយផ្ទាល់ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកយកសារដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ញើជូនជនរួមជាតិ កាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយបានបញ្ជាក់ថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនៅក្រោមអនុសញ្ញា UNCLOS មិនមែនមានន័យថា កម្ពុជាងាកចេញពីការសន្ទនានោះទេ។ ផ្ទុយទៅវិញ កម្ពុជាកំពុងនាំយកការសន្ទនាចូលទៅក្នុងក្របខណ្ឌអន្តរជាតិដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និងដែលទទួលស្គាល់ដោយប្រទេសទាំងពីរ។ កម្ពុជានិងថៃនឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយយុត្តិធម៌និងយូរអង្វែង ដែលព្រមព្រៀងគ្នាក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សារអន្តរជាតិ ដែលអនុលោមតាមច្បាប់អន្តរជាតិ។
សម្តេចនាយករដ្ឋមន្ត្រីបន្តថា ដំណោះស្រាយដោយសន្តិវិធី គឺជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាពតំបន់ ការពារអធិបតេយ្យភាព ពង្រឹងទំនុកចិត្ត និងបើកឱកាសក្នុងការប្រើប្រាស់ធនធានថាមពល ដើម្បីគាំទ្រការអភិវឌ្ឍក៏ដូចជាបង្កើតឱកាសការងារថ្មី ទាំងសម្រាប់ពេលបច្ចុប្បន្ន និងសម្រាប់ប្រជាជនជំនាន់ក្រោយៗនៃប្រទេសទាំងពីរ។ សម្តេចមហាបវរធិបតី បញ្ជាក់ជាថ្មីថាកម្ពុជាមិនដែលរំលោភបំពានអធិបតេយ្យភាពរបស់ប្រទេសដទៃឡើយ ហើយជាមួយគ្នានេះ កម្ពុជាប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន។
កម្ពុជាបន្តប្រកាន់គោលជំហរទទួលខុសត្រូវដ៏មុតមាំនេះ ដោយមិនមែនតាមរយៈការប្រើកម្លាំង តែប្រើច្បាប់ ដោយមិនមែនតាមរយៈសកម្មភាពឯកតោភាគី តែតាមរយៈការរួមគ្នាដោះស្រាយដោយសន្តិវិធី។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ឱ្យបន្តរក្សាសាមគ្គីភាពជាធ្លុងមួយប្រកបដោយទំនុកចិត្តខ្ពស់ និងភាពរឹងមាំ ពីព្រោះការការពារអធិបតេយ្យភាពជាតិ គឺជាកាតព្វកិច្ចរបស់ជាតិយើងទាំងមូល។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការដាក់លិខិតផ្លូវការទៅកាន់ភាគីថៃ និងអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញា UNCLOS និងក្នុងពេលរង់ចាំចម្លើយពីភាគីថៃ កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សារពីររូបរបស់ខ្លួនរួចជាស្រេចហើយដើម្បីចូលរួមក្នុងដំណើរការផ្សះផ្សានេះ៕

ដោយ៖ គង់ សិរីរ័ត្ន





