អាជ្ញាធរខេត្តកំពង់ឆ្នាំងប្រារព្វខួបអនុស្សាវរីយ៍លើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៦
AKP កំពង់ឆ្នាំង ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦--លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើ្ញញជាអធិបតីក្នុពិធីប្រារព្វខួបអនុស្សាវរីយ៍លើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៦ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ កំពង់ឆ្នាំង។ ពិធីនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុក ឃុំ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សជាច្រើននាក់ទៀត។

ក្នុងឱកាសនោះលោកស្រី ប៊ន សុភី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែនឹករលឹកដល់កុមារ និងមានការព្រួយបារម្មណ៍ដល់កុមារតូចៗដែលឪពុកម្ដាយជួបការលំបាក។ កុមារទាំងអស់ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សាអនាម័យក្នុងការរស់នៅ ដូចជា រស់នៅស្អាត ហូបស្អាត ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវប្រឹងប្រែងខិតខំរៀនសូត្រ។ ចំពោះលោកគ្រូ អ្នកគ្រូវិញ ត្រូវបន្ថែមការយកចិត្តិទុកដាក់ក្នុងការថែទាំ និងធ្វើការអប់រំកុមារដែលបានរស់នៅក្នុងការតស៊ូសិក្សារៀនសូត្រ ឱ្យដូចជាកូនបង្កើតរបស់ខ្លួនផងដែរ។

ទន្ទឹមនឹងនេះ លោកស្រីបានបញ្ជាក់ទៀតថា បញ្ហាប្រឈមជាសកលមួយគឺកុមារ ដោយទាមទារវិធីសាស្ត្ររួម និងការឆ្លើយតបជាសកលក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការសម្របសម្រួល ថ្នាក់ជាតិ ដើម្បីការពារពិសេសទៅលើកុមារពីហានិភ័យតាមអ៊ីនធឺណិត និងគ្រោះថ្នាក់ដែលអាចកើតមាន ព្រមទាំងផ្តល់សិទ្ធិឱ្យពួកគេទទួលបានអត្ថប្រយោជន៍ពេញលេញពីអ៊ីនធឺណិត។ សព្វថ្ងៃនេះ កុមារកំពុងធំធាត់ឡើង និងរស់នៅក្នុងពិភពឌីជីថល ដែលបង្ហាញឱ្យឃើញថា ពួកគេអាចងាយនឹងរងហានិភ័យពីប្រព័ន្ធអ៊ីនធឺណិត។

ជំទាវបណ្ឌិតបានជម្រុញឱ្យអាជ្ញាធរមូលដ្ឋានដាក់ការរៀបចំក្របខ័ណ្ឌច្បាប់ គឺជាជំហានដំបូង ដើម្បីផ្តល់នូវការការពារផ្លូវច្បាប់ដល់កុមារ និងក្មេងជំទង់ ដែលនៅបន្តប្រឈមមុខខ្ពស់នៃការបោះបង់ចោលការសិក្សា ការមានផ្ទៃពោះនៅក្មេងបឋមវ័យ ការរៀបអាពាហ៍ពិពាហ៍របស់កុមារ និងអំពើហឹង្សា។ យកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខកុមារតូចគ្រប់ទីកន្លែងដើម្បីឱ្យចៅៗបានសិក្សារៀនសូត្រដូចកុមារដទៃទៀត ចេះស្រឡាញ់គ្នាដូចបងប្អូន ខិតខំថែទាំសុខភាព និងខិតខំរៀនសូត្រព្រោះចៅៗជាទំពាំងស្នងឬស្សី ត្រូវដើរតាមមាគារល្អ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និង អំពើអប្បាយមុខផ្សេងៗដែមសង្គមស្អប់មខ្ពើម ចៅៗពិតជាក្លាយខ្លួនជាមនុស្សល្អ និងមានប្រយោជន៍សំរាប់អនាគតខ្លួន គ្រួសារ និងសង្គមជាតិ។

ថ្លែងនៅក្នុងឱកាសនេះដែរ លោកស្រីអភិបាល និងមន្ត្រីអមដំណើរ បានឧបត្ថម្ភនូវភេសជ្ជៈ ដល់ប្អូនៗកុមារ និងមានសៀវភៅ ប៊ិចខ្មៅដៃនិងជូនប័ណ្ណដល់សិស្សឆ្នើមផងដែរ។ សម្រាប់លោកគ្រូ អ្នកគ្រូដែលមានវត្តមាននៅទីនេះទទួមបាន មី ទឹកសុទ្ធ ភេសជ្ជៈ និងថវិកាមួយចំនួន៕
ដោយ បៃ ស៊ីថុន





