ព្រះមន្ត្រីសង្ឃខេត្តសៀមរាបនិមន្តយកស្បៀងអាហារ សម្ភារៈប្រើប្រាស់ប្រគល់ជូនកងទ័ពជួរមុខ នៅតាមខ្សែបន្ទាត់ព្រំដែនស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ
AKP សៀមរាប ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦--ព្រះមន្ត្រីសង្ឃខេត្តសៀមរាបដឹកនាំដោយព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធ ព្រះសមុហ៍គណខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ .បាននិមន្តដឹកនាំព្រះសង្ឃជាព្រះចៅអធិការ និងគ្រូសូត្រ នាំយកស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ដែលមានដូចជា វិទ្យុទាក់ទង. ថ្នាំពេទ្យ .កាហ្វេកញ្ចប់. មី. គ្រឿងភ្លើងសូឡា . ផៅវើប៊ែង(Power Bank) ទឹកសុទ្ធ រួមនឹងថវិកាទៅប្រគល់ជូនដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធ បានមានថេរដីកាថា សកម្មភាពមនុស្សធម៌របស់ព្រះសង្ឃក្នុងខេត្តសៀមរាប ក៍ដូចជាសប្បុរសជនដែលនាំយកគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រប្រាស់មកជូននាពេលនេះគឺធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការបង្ហាញពីស្មារតីសាមគ្គីភាពខ្ពស់ រវាងសមរភូមិក្រោយ និងសមរភូមិមុខ និងដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងលះបង់កម្លាំងកាយចិត្ត ហាលខ្យល់ហាលភ្លៀង ការពារទឹកដីយ៉ាងអង់អាចក្លាហាន ។

ព្រះអង្គបានមានថេរដីកាបន្តថា អំណោយជាស្បៀងអាហារ និងសម្ភារៈដែលត្រូវប្រើប្រាស់ចាំបាច់ដែលយកមកប្រគល់ជូនដល់កងទ័ពនាពេលនេះគឺ ស្តែងឱ្យឃើញពីស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ប្រជាពលរដ្ឋនៅសមរភូមិក្រោយចំពោះការលះបង់កម្លាំងកាយចិត្តដ៏ធំធេងរបស់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ ក្នុងការការពារជាតិមាតុភូមិព្រមទាំងបង្កើនស្មារតី និងកម្លាំងចិត្តដល់យុទ្ធជនជួរមុខឱ្យកាន់តែរឹងមាំ ហើយអំណោយទាំងនេះគឺជាការសម្រាលការលំបាកនិង ជួយផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ពនៅតំបន់ដាច់ស្រយាលនិងបង្ហាញពីចំណងសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងសមរភូមិក្រោយ និងសមរភូមិផងដែរ ។

ព្រះអង្គមានថេរដីកាបន្ថែមថា យើងពិតជាមានមោទកភាពចំពោះវីរៈកងទ័ព ដែលពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និងសេចក្ដីស្មោះត្រង់ចំពោះជាតិ មាតុភូមិ ពួកគាត់សុខចិត្តយកទ្រូងពាំងគ្រាប់រំសេវ និងអាវុធគ្រប់ប្រភេទ ប្តូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រាន្តលក់ ហូបឆ្ងាញ់ ប្រកបដោយស្នាមញញឹម និងភាពកក់ក្ដៅជាមួយក្រុមគ្រួសារ ដូច្នេះហើយយើងទាំងអស់គ្នាសូមសម្ដែងការដឹងគុណជានិច្ចចំពោះកងទ័ពទាំងអស់ ហើយចងចាំជានិច្ចនូវគំរូវីរភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូត។

ក្នុងនោះផងដែរ ព្រះមន្រ្តីសង្ឃខេត្តសៀមរាបក៏បានមានថេរដីកាអំពាវនាវដល់ប្រជាពលរដ្ឋយើង មានជំនឿចិត្តលើចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ។ ព្រះគ្រូក៏បានជូនពរដល់បងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងនៅជួរមុខទាំងអស់ឱ្យសុខសប្បាយ សុខភាពល្អ និងទទួលបានជ័យជម្នះលើខ្មាំងសត្រូវ៕
ដោយ ឃុត សៅ





