សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បណ្តុះស្មារតី «ម្ចាស់ការ» និងប្រើប្រាស់ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ដើម្បីសហគមន៍មានភាពធន់យូរអង្វែង
AKP បន្ទាយមានជ័យ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦--ការកសាងសហគមន៍មួយឱ្យមានភាពធន់ មិនមែនកើតឡើងត្រឹមតែការផ្តល់អំណោយសង្គ្រោះបន្ទាន់នៅពេលមានគ្រោះអាសន្ននោះទេ ប៉ុន្តែវាទាមទារឱ្យមានការបំពាក់អាវក្រោះផ្នែក «ចំណេះដឹង» និង «បច្ចេកវិទ្យា» ដល់ប្រជាពលរដ្ឋផ្ទាល់ ដើម្បីឱ្យពួកគាត់មានលទ្ធភាពការពារខ្លួនជាមុន។

ដោយឈរលើទស្សនវិស័យមនុស្សធម៌ដ៏ស៊ីជម្រៅនេះ និងក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នេះក្រុមប្រតិបត្តិសាខា សហការជាមួយអនុសាខាស្រុកគោលដៅនៃមណ្ឌលស្នាក់នៅបណ្ដោះអាសន្នជនភៀសសឹកភូមិស្លក្រាម ក្រុមការងារកាកបាទក្រហមឃុំស្លក្រាម បុគ្គលិកមណ្ឌលសុខភាព ព្រមទាំងអ្នកស្ម័គ្រចិត្តភូមិ បានចុះយុទ្ធនាការអប់រំផ្សព្វផ្សាយយ៉ាងសកម្មនៅទីស្នាក់ការភូមិបន្ទាយមានឬទ្ធិ និងស្នាក់ការភូមិសាមគ្គី។

យុទ្ធនាការដ៏មានសារៈសំខាន់នេះ បានទាក់ទាញប្រជាពលរដ្ឋចូលរួមសរុបចំនួន១១៨ នាក់ (ក្នុងនោះមានស្រ្តីរហូតដល់ ៧២ នាក់) ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ស្ត្រី ក្នុងនាមជាមេគ្រួសារលើកិច្ចការសុខភាព និងសុវត្ថិភាពសហគមន៍។

ខ្លឹមសារស្នូលនៃការផ្សព្វផ្សាយ សុខភាពអនាម័យ និងបច្ចេកវិទ្យាប្រកាសអាសន្ននៅក្នុងឱកាសនោះ ក្រុមការងារជំនាញបានផ្តោតលើចំណុចគន្លឹះពីរទន្ទឹមគ្នា៖
១.ការបង្ការជំងឺឆ្លងក្នុងសហគមន៍៖ ការណែនាំពីរបៀបរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងការអនាម័យខ្លួនប្រាណ ដើម្បីទប់ស្កាត់រាល់ជំងឺឆ្លងនានាដែលងាយកើតមានឡើង។
២. ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤៖នេះជាឧបករណ៍បច្ចេកវិទ្យាដ៏សំខាន់ ក្នុងការផ្តល់ព័ត៌មានទាន់ហេតុការណ៍អំពីអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដែលជួយឱ្យពលរដ្ឋអាចត្រៀមលក្ខណៈបន្លាស់ប្តូរ ឬការពារទ្រព្យសម្បត្តិ និងអាយុជីវិតបានទាន់ពេលវេលា។

សារគន្លឹះពីក្រុមការងារ«សូមបងប្អូនជួយយកចំណេះដឹង និងការអប់រំផ្សព្វផ្សាយនាពេលនេះ ទៅចែករំលែកបន្តដល់ក្រុមគ្រួសារ និងអ្នកជិតខាងឱ្យបានជ្រួតជ្រាបកាន់តែទូលំទូលាយ។ ការរួមគ្នាចែករំលែកព័ត៌មានត្រឹមត្រូវ គឺជាសកម្មភាពរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយភាពរងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍របស់យើង ហើយវាក៏ជាគ្រឹះយ៉ាងរឹងមាំក្នុងការបង្កើនភាពធន់របស់សហគមន៍ឱ្យកាន់តែប្រសើរឡើងជាងមុនផងដែរ»។
យុទ្ធនាការនេះមិនត្រឹមតែជាការផ្តល់ចំណេះដឹងមួយពេលនោះឡើយ ប៉ុន្តែវាជាការដាំដុះស្មារតី «ស្វ័យការពារ» និង «សាមគ្គីភាព» នៅក្នុងភូមិ-ឃុំ ដែលជាកាតាលីករដ៏សំខាន់ក្នុងការជំរុញឱ្យសហគមន៍ទាំងមូល មានសមត្ថភាពឆ្លើយតប និងម្ចាស់ការលើរាល់ហានិភ័យទាំងឡាយ ប្រកបដោយភាពធន់ និងនិរន្តរភាពយូរអង្វែង៕
ដោយ ឈុន សារ៉ាត





