ឯកឧត្តម ខុម ផលលឿន ចុះពិនិត្យការផ្តល់សេវាជូនជនមានពិការភាពនៅខេត្តប៉ៃលិន
AKP ភ្នំពេញ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកមូលនិធិជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារក្នុងការផ្តល់សេវាជូនជនមានពិការភាពរបស់សាខាមូលនិធិជនពិការខេត្តប៉ៃលិន ។

ឯកឧត្តម ខុម ផលលឿន បានលើកឡើងថា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត និងសាខាមូលនិធិជនពិការខេត្ត ត្រូវនឹងបន្តខិតខំបំពេញការងារផ្តល់សេវា និងតាមដានស្ថានភាពរបស់ជនមានពិការភាព ដើម្បីធានាថា ពួកគាត់ទទួលបានសេវាសង្គមកិច្ចសមស្រប ។ ជាមួយគ្ននេះដែរ ឯកឧត្តម បានផ្តាំផ្ញើការសួរសុខទុក្ខ និងនឹករលឹករបស់ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន ព្រមទាំងបងប្អូនជនមានពិការគ្រប់ៗរូបទូទាំងខេត្ត។

ក្នុងឧកាសនោះដែរ ឯកឧត្តម ប្រតិភូ ក៏បាននាំយកអំណោយរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី និងលោកជំទាវ រួមមាន ស្បៀងអាហារ គ្រឿងបរិភោគ ឧបភោគ កាបូបសិក្សា ខោអាវ រទេះរុញ និងថវិកាមួយចំនួនជូនសាខាមូលនិធិជនពិការខេត្ត ដើម្បីផ្តល់ជូនជនមានពិការភាពក្រីក្រ ឬជួបការលំបាកនានា ពិសេសអតីតយុទ្ធជន និងនិវត្តន៍ជន ជាជនមានពិការភាព ៕

ដោយ ណយ នឿន (ប្រភព៖មូលនិធិជនពិការ)





