ក្រសួងសេដ្ឋកិច្ច បើកកិច្ចប្រជុំតម្រង់ទិសរៀបចំថវិកាឆ្នាំ២០២៧ ឆ្ពោះទៅពង្រឹង «គណនេយ្យភាពសមិទ្ធកម្ម»
AKP ភ្នំពេញ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦--ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំតម្រង់ទិសសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៧ របស់ក្រសួង ដើម្បីបង្ហាញពីទិសដៅអាទិភាព និងពង្រឹងយន្តការគ្រប់គ្រងថវិកាឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមការដឹកនាំសម្របសម្រួលរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាប្រធានកម្មវិធី ថ្នាក់ដឹកនាំគាំទ្រ និងសម្របសម្រួលប្រធានកម្មវិធី ថ្នាក់ដឹកនាំអង្គភាពថវិកា និងសហការីពាក់ព័ន្ធសរុបប្រមាណ ៣០០ រូប។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ជម្រាបជូនអង្គពិធីថា កិច្ចប្រជុំនាថ្ងៃនេះ គឺជាវេទិកាទូលាយមួយដែលអនុញ្ញាតឱ្យប្រធានកម្មវិធីទាំង ៥ ថ្នាក់ដឹកនាំជួយគាំទ្រ និងសម្របសម្រួលកម្មវិធី ព្រមទាំងអង្គភាពថវិកាចំណុះកម្មវិធីនីមួយៗ អាចជួបពិភាក្សា និងកំណត់គោលបំណងកម្មវិធី សូចនាករ គោលដៅកម្រិតកម្មវិធី និងទិសដៅអាទិភាពនានា ដោយផ្អែកលើការអនុវត្តឆ្នាំកន្លងមក។ ការធ្វើបែបនេះ គឺដើម្បីបង្កើតជាមូលដ្ឋានសម្រាប់អង្គភាពថវិកា ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩, គម្រោងថវិកាឆ្នាំ២០២៧ និងគម្រោងសមិទ្ធកម្មឆ្នាំ២០២៧ ឱ្យកាន់តែមានភាពច្បាស់លាស់។

ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានគូសរំលេចបន្ថែមអំពីភាពចាំបាច់នៃការបន្តពង្រឹងប្រសិទ្ធភាព និងតម្លាភាពថវិកាសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈការកំណត់នូវគោលបំណងកម្មវិធីច្បាស់លាស់ សូចនាករសមិទ្ធកម្មគន្លឹះ និងគោលដៅតាមឆ្នាំជាក់លាក់នៅកម្រិតកម្មវិធីនីមួយៗ។ ឯកឧត្តមបានបញ្ជាក់ថា នេះគឺជាវិញ្ញាសាថ្មីមួយ ក្នុងដំណើរការផ្លាស់ប្តូរប្រព័ន្ធថវិកាជាតិ ឆ្ពោះទៅរក «គណនេយ្យភាពសមិទ្ធកម្ម» ពិតប្រាកដ។

ជាមួយគ្នានេះ នៅក្នុងអង្គប្រជុំ អគ្គលេខាធិការដ្ឋានក្រសួង ក៏បានធ្វើបទបង្ហាញអំពីពិទានចំណាយគោលតាមអង្គភាព និងការណែនាំបច្ចេកទេសគ្រោងថវិកាឆ្នាំ២០២៧ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់គ្រប់អង្គភាពថវិកាចំណុះ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកាសមិទ្ធកម្មរបស់ក្រសួងឱ្យទទួលបានជោគជ័យ និងមានសិល្បៈនៃការចំណាយប្រកបដោយធានាខ្ពស់៕

ដោយ ទូច វលក័្ខណ (ប្រភព៖ក្រសួងសេដ្ឋកិច្ច)





