អាកាសយានដ្ឋានអន្តរជាតិតេជោរបស់កម្ពុជាទទួលបានការទទួលស្គាល់ជាសកលពី Skytrax
AKP ភ្នំពេញ ថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០២៦--អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបាន Skytrax ទទួលស្គាល់ថា ជាអាកាសយានដ្ឋានថ្មីល្អបំផុតមួយរបស់ពិភពលោកឆ្នាំ២០២៦។ នេះបើយោងតាមក្រសួងទេសចរណ៍បានចេញផ្សាយ។

ក្រសួងបានបញ្ជាក់ថា «ចំណាត់ថ្នាក់ដ៏មានកិត្យានុភាពនេះ គឺផ្អែកទៅលើការវាយតម្លៃសេវាកម្មអាកាសយានដ្ឋាន ការអនុវត្តរបស់បុគ្គលិក និងបទពិសោធន៍អ្នកដំណើរទាំងមូលពេញមួយដំណើរកម្សាន្តនៅអាកាសយានដ្ឋាន»។
ការទទួលស្គាល់នេះត្រូវបានផ្តល់ជូនបន្ទាប់ពីការវាយតម្លៃដែលធ្វើឡើងដោយកម្មវិធី Skytrax ក្រោមពានរង្វាន់អាកាសយានដ្ឋានពិភពលោក Skytrax ឆ្នាំ២០២៦។ យោងតាមលទ្ធផល អាកាសយានដ្ឋានអន្តរជាតិតេជោបានជាប់ចំណាត់ថ្នាក់ទីប្រាំនៅទូទាំងពិភពលោកក្នុងចំណោមអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក។

អាកាសយានដ្ឋានកំពូលទាំងបួនផ្សេងទៀត គឺអាកាសយានដ្ឋានអាសូ គូម៉ាម៉ូតុ នៅប្រទេសជប៉ុន ស្ថានីយលេខ៣ នៃអាកាសយានដ្ឋានអន្តរជាតិក្វាងចូវ បៃយុន នៅប្រទេសចិន ស្ថានីយលេខ១ នៃអាកាសយានដ្ឋានអន្តរជាតិសាន់ ឌីហ្គោ នៅសហរដ្ឋអាមេរិក និងអាកាសយានដ្ឋានអន្តរជាតិណាវី ម៉ុមបៃ នៅប្រទេសឥណ្ឌា។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ អាកាសយានដ្ឋាននេះ ស្ថិតនៅលើផ្ទៃដីជាង ២.៦០០ហិកតា ដែលលាតសន្ធឹងលើឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងផ្នែកមួយនៃស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រហែល ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋាននេះបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។

ដោយត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានអន្តរជាតិកម្រិត 4F - ប្រភេទខ្ពស់បំផុតក្រោមស្តង់ដារអាកាសចរណ៍សកលលោក - អាកាសយានដ្ឋានអន្តរជាតិតេជោ មានសមត្ថភាពផ្ទុកយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះដឹកអ្នកដំណើរធំជាងគេបំផុតមួយចំនួនរបស់ពិភពលោក ដូចជាយន្តហោះប្រភេទ Airbus A380 និង Boeing 747 ជាដើម៕
ដោយ៖ យា ចិន្តាខន្តី





