សហព័ន្ធកីឡាវូស៊ូកម្ពុជាបិទបញ្ចប់ការប្រឡងឡើងកម្រិតខ្សែក្រវាត់ ដល់កីឡាករ-កីឡាការិនី ១២៦នាក់
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦--សហព័ន្ធកីឡាវូស៊ូកម្ពុជាបានរៀបចំការប្រឡងឡើងកម្រិតខ្សែក្រវាត់កីឡាវូស៊ូប្រចាំឆ្នាំ២០២៦ ដែលមាន៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីលានហ្វឹកហាត់កីឡាវូស៊ូ ស្ថិតក្នុងវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ ដែលការប្រឡងចុងក្រោយត្រូវបានបញ្ចប់ជាផ្លូវការ ។

ការប្រឡងឡើងខ្សែក្រវាត់នេះទទួលបានការអញ្ជើញផ្តល់កិត្តិយស និងលើកទឹកចិត្តពីឧកញ៉ា ស៊្រុន ប៊ុនថាត ប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា លោក ម៉ៅ ចាន់ថាវុធ និងមន្រ្តីបច្ចេកទេស ព្រមទាំងសមាជិកប្រតិបត្តិសហព័ន្ធកីឡាវូស៊ូកម្ពុជា កីឡាករ-កីឡាការិនីចូលរួម ១២៦នាក់ក្នុងពិធីប្រគល់លិខិតបញ្ជាក់នេះ។

អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា លោក ម៉ៅ ចាន់ថាវុធ បានគូសបញ្ជាក់ថា ការប្រឡងឡើងកម្រិតខ្សែក្រវាត់កីឡាវស៊ូប្រចាំឆ្នាំ២០២៦នេះមានសមគម-ក្លឹបចូលរួមប្រឡងមានចំនួន ១៨មកពីរាជធានី-ខេត្ត ដែលមានមន្ត្រីកីឡា កីឡាករ-កីឡាការិនីចូលរួមប្រឡង ១២៦នាក់ ក្នុងនោះកីឡាករ ៥១នាក់ និងកីឡាការិនី ៧៥នាក់ ប្រឡងលើវិញ្ញាសាសម្តែងឯកត្តជនមានផ្នែកកីឡាករមាន ៧វិញ្ញាសា និងផ្នែកកីឡាការិនីមាន៨វិញ្ញាសា។

លោកអគ្គលេខាធិការបានបន្តថា គោលបំណងការរៀបចំប្រឡងនេះ គឺដើម្បីបង្កើនសមត្ថភាពមន្ត្រីបច្ចេកទេស កីឡាករ-កីឡាការិនី ក្នុងសហព័ន្ធកីឡាវស៊ូកម្ពុជាឱ្យមានការអភិវឌ្ឍឈានទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិនានា។ ឆ្លងកាត់ការប្រឡងដោយស្មារតីយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព បច្ចេកទេសឈរលើស្មារតី សាមគ្គីភាពព្រមទាំងអនុវត្តបាន តាមគោលការណ៍លេងដោយយុត្តិធម៌ (Fair Play) ផងនោះ លទ្ធផលបច្ចេកទេស ប្រឡងរយៈកន្លងមកនេះ គណៈកម្មការរៀបចំការប្រឡងបានចេញលទ្ធផលនៃការប្រឡងជាបន្តបន្ទាប់។

ក្នុងនាមគណៈកម្មការរៀបចំការប្រឡង លោកអគ្គលេខាធិការសហព័ន្ធបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសហព័ន្ធកីឡាវស៊ូកម្ពុជា ពិសេស ឧកញ៉ា ស៊្រុន ប៊ុនថាត ប្រធានសហព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ និងចូលរួមក្នុងសកម្មភាពកីឡាវូស៊ូ បានរៀបចំការប្រឡងនេះ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំតាមសមាគម-ក្លឹប កីឡាវស៊ូទាំងអស់ ដែលបានចូលរួមសហការប្រឡងនេះ ដែលបានបញ្ចប់ដោយជោគជ័យផងដែរ៕
ដោយ ហេង ណាលីន





