ប្រជាពលរដ្ឋភូមិព្រៃនប់១ អបអរសាទរទទួលបានផ្លូវបេតុងថ្មីមួយខ្សែ
AKP ព្រះសីហនុ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ -- លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញបេីកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែ ដែលមានទីតាំងស្ថិតនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ផ្លូវបេតុងមួយខ្សែនេះមានបណ្តោយ ៥៩៦ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ មែត្រ ដែលជាមូលនិធិអភិវឌ្ឍន៍មូលដ្ឋានសម្រាប់ឆ្នាំ២០២៦ ស្ថិតក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានឱ្យដឹងថា ការអភិវឌ្ឍផ្លូវក្នុងមូលដ្ឋានទាំងនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ក៏ដូចជាជំរុញសកម្មភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងនៅតាមមូលដ្ឋាន។

ក្នុងឱកាសបើកការដ្ឋាននេះ លោកអភិបាលស្រុកព្រៃនប់ ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេស និងអ្នកម៉ៅការសាងសង់ផ្លូវ ត្រូវអនុវត្តការងារតាមស្តង់ដាបច្ចេកទេសប្រកបដោយគុណភាព និងតម្លាភាព ដើម្បីធានាបាននូវភាពរឹងមាំ និងការប្រើប្រាស់បានយូរអង្វែង។

ជាមួយគ្នានេះ លោកអភិបាលស្រុកព្រៃនប់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ក៏ដូចប្រជាពលរដ្ឋក្នុងឃុំ ស្រុកព្រៃនប់ទាំងអស់ ចូលរួមថែរក្សាបរិស្ថាន និងអនាម័យជុំវិញទីលំនៅ ដោយមិនត្រូវបោះសំរាមចោលពាសវាលពាសកាល ជាពិសេសរួមគ្នាថែរក្សាផ្លូវសាធារណៈរបស់យើងឱ្យបានស្អាត មានសណ្តាប់ធ្នាប់ និងចូលរួមដាំដើមឈើឱ្យមានភាពបៃតង ដើម្បីរួមគ្នាបង្កើតសហគមន៍ស្អាត បរិស្ថានល្អ និងការរស់នៅប្រកបដោយផាសុកភាព ម្យ៉ាងទៀតផ្លូវបេតុងមួយខ្សែនេះ គឺជាសម្បត្តិសាធារណរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រៃនប់ទាំងអស់គ្នា ក្នុងការកែលម្អសោភណភាព និងការធ្វើចរាចរណ៍បានកាន់តែងាយស្រួលនៅតាមភូមិ ឃុំរបស់យើងនៅពេលខាងមុខ៕

ដោយ៖ ងូ សុមុនី





