សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពង្រឹងកិច្ចការពារជាតិ គឺត្រូវវិនិយោគទៅលើមនុស្ស
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦—សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កិច្ចការពារជាតិ ត្រូវតែការពារទាំងបូរណភាពទឹកដី និងការពារទាំងសន្តិសុខសណ្តាប់ធ្នាប់សង្គម ហេតុដូច្នេះ ដើម្បីពង្រឹងកិច្ចការពារជាតិ គឺត្រូវវិនិយោគទៅលើមនុស្ស ហើយក្នុងនោះគឺការវិនិយោគទៅលើការអប់រំ និងសុខាភិបាលនេះ ក៏ជាផ្នែកមួយនៅក្នុងការពង្រឹងផងដែរ ។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធអគារកម្ពស់បីជាន់ រួមទាំងសមិទ្ធផលនានា និងពិធីប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ស្ថិតនៅផ្លូវ៥៩៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ។
សម្តេចធិបតី បានថ្លែងថា ការពារជាតិ មិនមែនការពារមួយថ្ងៃនោះទេ តែការពារជាតិ គឺត្រូវការធ្វើរយៈពេលយូរអង្វែង ដរាបណាប្រទេសកម្ពុជា នៅតែជាប្រទេសមួយ កិច្ចការការពារជាតិត្រូវតែធ្វើ នោះគឺការពារទាំងបូរណភាពទឹកដី និងការពារទាំងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយត្រូវធ្វើជាប្រចាំ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ការកសាងនិងការការពារជាតិរឹងមាំ គឺអាស្រ័យលើមនុស្សរឹងមាំ មនុស្សរឹងមាំ គឺអាស្រ័យទៅលើការវិនិយោគ ទៅលើធនធានមនុស្ស នៅក្នុងសង្គមកិច្ច ទាំងអប់រំ ទាំងសុខាភិបាល។
សម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ការវិនិយោគទៅលើសុខភាពប្រជាជន មានចាប់តាំងពីមុនពេលត្រូវបានសម្រាលចេញមក ដោយតាមវិស័យមួយចំនួន ត្រូវបានរដ្ឋឧបត្ថម្ភសាច់ប្រាក់ ទាំងក្នុងពេលមានផ្ទៃពោះ រហូតដល់សម្រាលហើយ ។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ការវិនិយោគទៅលើវិស័យពង្រឹងការពារជាតិ ពង្រឹងកិច្ចការពារជាតិ គឺត្រូវវិនិយោគទៅលើមនុស្ស ហើយក្នុងនោះគឺការវិនិយោគទៅលើអប់រំ និងសុខាភិបាលនេះ ក៏ជាផ្នែកមួយនៅក្នុងការពង្រឹងយូរអង្វែងរបស់យើងផងដែរ» ។
បន្ថែមលើនេះ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា កុំមើលការពារជាតិ ដោយគ្រាន់តែទៅមើលលើការចំណាយការពារជាតិ ជាតិមួយខ្លាំងបានទាល់តែប្រជាជនខ្លាំង សេដ្ឋកិច្ចខ្លាំង ទើបយើងរឹងមាំ ។ ស្មារតីស្នេហាជាតិ ធនធានមនុស្សម្នាក់ៗ មានសមត្ថភាព មានសុខភាពគ្រប់គ្រាន់ នេះហើយការពារជាតិរឹងមាំ ។ ការពារជាតិមិនត្រឹមតែការពារជាតិ ពីការគម្រាមកំហែងផ្នែកយោធានោះទេ សូម្បីការវាយប្រហារផ្នែកភេរវកម្ម និងជំងឺផ្សេងៗដូចករណីកូវីដ១៩ផងដែរ ក៏ជាផ្នែកនៃការការពារជាតិផងដែរ៕

ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





