កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោមធ្វើរដ្ឋបាលចំហ រកឃើញជនសង្ស័យ២៦នាក់ និងវត្ថុតាងមួយចំនួនពាក់ព័ន្ធ Online Scams
AKP ព្រះសីហនុ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦--លោក នួន ប៊ុនថុល អភិបាលក្រុង និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ដោយមានការសម្របសម្រួលនីតិវិធីពីលោក កង ធីរ៉េម ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចចម្រុះ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាលចំហនៅផ្ទះវីឡាជួលមួយកន្លែងម្តុំស្ពានត្រជាក់ចិត្ត ស្ថិតក្នុងភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ សង្ស័យពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។

ចំពោះលទ្ធផលនៃការធ្វើរដ្ឋបាលចំហ កម្លាំងគណៈបញ្ជាការកឯកភាពរដ្ឋបាលក្រុងកំពង់សោមបានរកឃើញជនបរទេសសរុប២៦នាក់ ស្រី៣នាក់ រួមមានជនជាតិចិន៣នាក់ និងជនជាតិវៀតណាម ២៣នាក់ មិនមានលិខិតឆ្លងដែនជាប់ខ្លួន។

ក្រោយពីការចុះត្រួតពិនិត្យ រកឃើញឧបករណ៍អេឡិចត្រូនិកមានជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ក្នុងប្រតិបត្តិការធ្វើរដ្ឋបាលចំហ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម បានធ្វើការដកហូតសម្ភារៈ រួមមាន កុំព្យូទ័រយួរដៃ១១ គ្រឿង ទូរសព្ទ២០គ្រឿង រថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង។ បច្ចុប្បន្ន ជនបរទេសទាំង២៦នាក់ និងវត្ថុតាងត្រូវបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធីតាមវិធានការច្បាប់៕


ដោយ ងូ សុមុនី





