ក្រសួងសុខាភិបាលចុះពង្រឹងគុណភាពសេវាសុខាភិបាល និងបង្កើនភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦--ក្នុងគោលបំណងលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពបម្រើសេវានៅតាមមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងមណ្ឌលសុវត្ថិភាពចំនួន ៨ ទីតាំង ក្នុងខេត្តបន្ទាយមានជ័យ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦។

ការចុះពិនិត្យដោយផ្ទាល់នេះ មិនត្រឹមតែជាការវាយតម្លៃលើលទ្ធផលការងារប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការគាំទ្រ និងលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលនៅមូលដ្ឋានឱ្យបន្តពង្រឹងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយភាពកក់ក្តៅ។

ក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងបានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលទាំងអស់។ លោកជំទាវបានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា «ការផ្តល់សេវាសុខាភិបាល មិនមែនគ្រាន់តែជាកិច្ចការបច្ចេកទេសនោះទេ ប៉ុន្តែវាគឺជាការងារបម្រើប្រជាពលរដ្ឋដោយចិត្តមេត្តាធម៌។ ខ្ញុំសូមលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់ បន្តអនុវត្តក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន យកចិត្តទុកដាក់លើបដិសណ្ឋារកិច្ច និងធានាឱ្យបាននូវការផ្តល់សេវាគ្រប់ពេលវេលា ២៤ម៉ោង/៧ថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋដែលមកទទួលសេវា មានភាពកក់ក្តៅ និងទទួលបានទំនុកចិត្តពេញលេញពីវិស័យសុខាភិបាលយើង»។

លោកជំទាវអនុរដ្ឋលេខាធិការក៏បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីឱ្យមន្ត្រីសុខាភិបាលយកទៅអនុវត្ត ពង្រឹងការគ្រប់គ្រងឱសថ សម្ភារៈ និងបរិក្ខារពេទ្យ ព្រមទាំងការរៀបចំលំហូរអ្នកជំងឺឱ្យមានរបៀបរៀបរយ។ ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការពង្រឹងសមត្ថភាពបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាពព្យាបាល។ លើកកម្ពស់សោភ័ណភាព អនាម័យទាំងក្នុង និងក្រៅមណ្ឌលសុខភាព ដើម្បីផ្តល់បរិយាកាសស្អាតជូនអ្នកជំងឺ។ ត្រូវចេះវិភាគរកឫសគល់នៃបញ្ហាដែលកើតឡើងជាក់ស្តែងនៅតាមមូលដ្ឋាន ដើម្បីរិះរកដំណោះស្រាយឱ្យចំគោលដៅ និងទាន់ពេលវេលា។

គួរបញ្ជាក់ថា បេសកកម្មចុះត្រួតពិនិត្យនេះ មានការសម្របសម្រួលយ៉ាងសកម្មពីលោកស្រី ឆាន់ ចន្ទសោភ័ណ អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសិរីសោភ័ណ ស្រុកប្រតិបត្តិព្រះនេត្រព្រះ និងស្រុកប្រតិបត្តិថ្មពួក ដែលបានចុះផ្ទាល់ទៅកាន់មណ្ឌលសុខភាពសំខាន់ៗចំនួន ៨ រួមមាន៖ មណ្ឌលសុខភាពអូរអំបិល ទឹកថ្លា ម្កាក់ កំពង់ស្វាយ១ កំពង់ស្វាយ២ បុស្បូវ ឈ្នួរមានជ័យ ជប់វារី និងមណ្ឌលជំរកសុវត្ថិភាពជនភៀសសឹកឃុំស្លក្រាម ស្រុកស្វាយចេក ដើម្បីធានាថាគ្រប់ទីតាំងទាំងអស់កំពុងដំណើរការស្របតាមស្តង់ដារគុណភាព និងសុវត្ថិភាពអ្នកជំងឺ៕
ដោយ ឈុន សារ៉ាត





