សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលលេចចេញជារូបរាងនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា កំពុងឆ្លុះបញ្ចាំងពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យអប់រំ ពិសេសវិស័យអប់រំកាយ និងកីឡា
AKP ភ្នំពេញ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា សមិទ្ធផលដែលបានលេចចេញជារូបរាងនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា កំពុងឆ្លុះបញ្ចាំងពីការខិតខំរបស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសវិស័យអប់រំកាយ និងកីឡា សំដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន តាមរយៈការកសាងសុខភាពរាងកាយឱ្យរឹងមាំ ការថែទាំសុខភាពផ្លូវចិត្តឱ្យជ្រះថ្លា និងការជំរុញសន្តិភាពសង្គមជាតិ។ ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រដល់គ្រូអប់រំកាយ និងកីឡាកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយដល់គរុសិស្ស និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់ ដែលបាន និងកំពុងកែលម្អវិស័យអប់រំឱ្យប្រសើរឡើងជាលំដាប់ និយាយជារួម និងលើកស្ទួយវិស័យអប់រំ កាយ និងកីឡាឱ្យរស់រវើក និយាយដោយឡែក។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរចំពោះវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលមានចក្ខុវិស័យវែងឆ្ងាយជាមួយនឹងបេសកកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវ ដែលបាន និងកំពុងដើរតួនាទីជាត្រីវិស័យ និងបង្គោលចរណ៍សម្រាប់ដឹកនាំគ្រឹស្ថានសិក្សានេះឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាក្នុងវិស័យអប់រំកាយ និងកីឡាចាប់តាំងពីឆ្នាំ១៩៨៨មក។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់របស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបច្ចេកវិទ្យា ការកែលម្អកម្មវិធី និងវិធីសាស្ត្រនៃការបណ្តុះបណ្តាល ការអភិវឌ្ឍ សមត្ថភាពគ្រូលើការស្រាវជ្រាវ និងការបង្រៀន ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹងការកើនឡើងទាំងបរិមាណ និងគុណភាពនៃតម្រូវការរបស់សង្គមជាតិ ក្នុងវិស័យអប់រំ និងកីឡា។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសអង្គការមិនមែនរដ្ឋាភិបាលបរទេសបេះដូងមាស និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលបានឧបត្ថម្ភគាំទ្រដល់គម្រោងសាងសង់អគារកម្ពស់៣ជាន់ និងសមិទ្ធផលនានានៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយបានបំពាក់នូវសម្ភារ បរិក្ខាគ្រប់គ្រាន់សម្រាប់បម្រើដល់ការសិក្សាស្រាវជ្រាវរបស់លោកគ្រូ អ្នកគ្រូ និងគរុសិស្ស គរុនិស្សិត សំដៅចូលរួមលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀនមុខវិជ្ជាអប់រំកាយ និងកីឡានៅកម្ពុជា។

ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានជួយកសាងទីលានបាល់ទាត់ស្មៅសិប្បនិម្មិត និងជួសជុលកែលម្អទីលានស្មៅធម្មជាតិរបស់វិទ្យាស្ថានជាតិផងដែរ៕
ដោយ៖ ចាន់ សុភឿន





